ការស្ទង់មតិដោយស្ថាប័ន Ipsos សម្រាប់គេហទំព័រ oko.press បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) នេះថា អភិបាលក្រុងវ៉ាសូវី លោក Rafal Trzaskowski ដែលជាបេក្ខជនមកពីបក្សកាន់អំណាចរបស់ប្រទេសប៉ូឡូញ គឺគណបក្ស Civic Coalition (KO) ទទួលបានប្រជាប្រិយភាពលើបេក្ខជនជាតិនិយម លោក Karol Nawrocki នៅមុនការបោះឆ្នោតប្រធានាធិបតីជុំទី២ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
យោងតាមការស្ទង់មតិនោះ បានបង្ហាញថា លោក Trzaskowski នឹងទទួលបានសំឡេងគាំទ្រ ៤៨ភាគរយ ហើយលោក Nawrocki មាន ៤៧ភាគរយ ខណៈដែលអ្នកមិនទាន់សម្រេចចិត្ត គឺ ៥ភាគរយ។
គួរបញ្ជាក់ថា លោក Trzaskowski មកពីបក្សកាន់អំណាច KO របស់លោកនាយករដ្ឋមន្ត្រី Donald Tusk បាននាំមុខលោក Nawrocki ដែលជាបេក្ខជនគាំទ្រដោយក្រុមអភិរក្សនិយម-ជាតិនិយម គឺបក្ស PiS នៅក្នុងជុំទី១ នៃការបោះឆ្នោតប្រធានាធិបតី ជាមួយនឹងសំឡេង ៣១,៤ភាគរយ ទល់នឹង ២៩,៥ភាគរយ ជាកម្រិតដ៏ស្ដួចស្ដើង ខុសឆ្ងាយច្រើនពីការស្ទង់មតិដែលបានធ្វើឡើងនៅមុនការបោះឆ្នោត៕