លោក Aref Shamtan វ័យ ៧៣ឆ្នាំ បានសម្រេចចិត្តដំឡើងសំពត់តង់នៅជិតផ្ទះរងការបំផ្លិចបំផ្លាញរបស់លោក ស្ថិតនៅតំបន់ភាគពាយ័ព្យប្រទេសស៊ីរី ជាជាងបន្តរស់នៅក្នុងជំរំជម្លៀសខ្លួន បន្ទាប់ពីការផ្តួលរំលំអតីតមេដឹកនាំស៊ីរីលោក Bashar al-Assad ។
អង្គុយផឹកតែជាមួយកូនប្រុស និងចៅៗរបស់គាត់ លោក Shamtan និយាយថា លោកមានអារម្មណ៍ល្អនៅទីនេះ បើទោះបីជាត្រូវរស់នៅក្នុងចំណោមគំនរបាក់បែកក៏ដោយ ។
ពេលវិលត្រឡប់មកវិញជាមួយកូនប្រុសរបស់លោក បន្ទាប់ពីលោក al-Assad ត្រូវបានផ្តួលរំលំកាលពីខែធ្នូរ លោក Shamtan បានមើលឃើញភូមិ al-Hawash របស់លោកដែលស្ថិតនៅខេត្តភាគកណ្តាល Hama រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
លោកនិយាយថា ផ្ទះរបស់លោកបាក់ដំបូល ហើយជញ្ជាំងធ្លុះធ្លាយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រស់នៅក្នុងគំនរបាក់បែក ប្រសើរជាងរស់នៅក្នុងជំរំជម្លៀសខ្លួននៅជិតព្រំដែនទួរគី ជាទីដែលលោកបានរស់នៅចាប់តាំងពីរត់ភៀសខ្លួនចេញពីជម្លោះកាលពីឆ្នាំ ២០១១ ។
ចាប់តាំងពីការដួលរលំទៅរបស់លោក al-Assad ក្រោយសង្រ្គាមរយៈពេលជិត ១៤ឆ្នាំ អង្គការជនអន្តោប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ រាយការណ៍ថា ពលរដ្ឋស៊ីរី ១,៨៧លាននាក់ ដែលជាជនភៀសខ្លួននៅបរទេស ឬជម្លៀសខ្លួនក្នុងស្រុក បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញហើយ ៕