កាលពីថ្ងៃពុធម្សិលមិញ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានលុបចោលកិច្ចសន្យាតម្លៃ ៥៩០លានដុល្លាជាមួយក្រុមហ៊ុនឱសថ Moderna ក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយបក្សី ។ នេះបើយោងតាមការអះអាងរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ ។
វាបានក្លាយជាចំណាត់ការចុងក្រោយគេមួយប្រឆាំងនឹងវ៉ាក់សាំងរបស់លោករដ្ឋមន្រ្តីក្រសួងសុខាភិលបាល Robert F Kennedy Jr ដែលបានចំណាយពេលច្រើនទសវត្សរ៍ក្នុងការលើកកម្ពស់ព័ត៌មានខុសពីប្រព័ន្ធភាពស៊ាំ ។
កិច្ចសន្យាដែលត្រូវបានប្រកាសឡើងកាលពីថ្ងៃទី ១៧ ខែមករា រយៈពេល ៣ថ្ងៃមុនពេលលោក Trumpឡើងកាន់តំណែងនោះ គឺសម្រាប់វ៉ាក់សាំង mRNA ដែលមានគោលដៅបង្ការជំងឺគ្រុនផ្តាសាយបក្សី H5N1ដែលឆ្លងតាមសត្វស្លាប និងសត្វគោក្របី ។
ក្រុមអ្នកជំនាញ បានព្រមានថា វីរុសមួយនេះអាចឆ្លងមកមនុស្ស ហើយបង្កឲ្យមានការរីករាលដាលឆ្លងសកល ។
ក្រុមហ៊ុនឱសថ និងជីវបច្ចេកវិទ្យាអាមេរិក Moderna បានបញ្ចេញព័ត៌មាននេះ ពេលដែលពួកគេប្រកាសលទ្ធផលវិជ្ជមានពីការសាកល្បងវេជ្ជសាស្រ្តដំណាក់កាលដំបូងគេរបស់មនុស្ស ៣០០នាក់ ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើតេស្តសុវត្ថិភាព និងការឆ្លើយតបប្រព័ន្ធភាពស៊ាំ ៕