ការិយាល័យឧក្រិដ្ឋកម្ម និងគ្រឿងញៀនអង្គការសហប្រជាជាតិ(UNODC) បានព្រមាននៅក្នុងរបាយការណ៍ថ្មីលើទំហំនៃការជួញដូរគ្រឿងញៀនថា ការផលិត និងការជួញដូរគ្រឿងញៀន បានហក់ឡើងខ្ពស់នៅតំបន់ត្រីកោណមាស ដែលជាចំណុចប្រសព្វនៃព្រំដែនមីយ៉ាន់ម៉ា ឡាវ និងថៃ ។
UNODC និយាយថា សារធាតុញៀនមេតំហ្វេតាមីនទម្ងន់ជាប់កំណត់ត្រា ២៣៦តោន ត្រូវបានរឹបអូសកាលពីឆ្នាំមុននៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ពោលគឺកើនចំនួន ២៤ភាគរយក្នុងបរិមាណថ្នាំញៀនរឹបអូសបាន បើធៀបនឹងរយៈពេលកាលពី ១ឆ្នាំមុន ។
UNODC បន្តថា ខណៈពេលនោះដែរ ថៃបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ រឹបអូសបានសារធាតុមេតំហ្វេតាមីនទម្ងន់ជាង ១០០តោន ក្នុងរយៈពេល ១ឆ្នាំ កាលពីឆ្នាំមុន ដោយពួកគេឃាត់បានគ្រឿងញៀនសរុបទម្ងន់ ១៣០តោន ដែលជួញដូរពីរដ្ឋគ្មានច្បាប់ទម្លាប់ Shan របស់មីយ៉ាន់ម៉ា ។
លោក Benedikt Hofmann គឺជាអ្នកតំណាងក្នុងតំបន់ស្តីទីរបស់ UNODC និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភាគច្រើននៃសារធាតុញៀនមេតំហ្វេតាមីន ២៣៦តោនដែលរឹបអូសបាន កំពុងស្វែងរកទីផ្សារ ។
លោក Hofmann និយាយទៀតថា ស្របពេលដែលការរឹបអូសបានទាំងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំពង្រឹងច្បាប់ប្រកបដោយភាពជោគជ័យនោះ ពួកយើងក៏បានមើលឃើញយ៉ាងច្បាស់ពីកម្រិតមិនធ្លាប់ដែលមានពីមុននៃការផលិតសារធាតុមេតំហ្វេតាមីន និងការជួញដូរវា ចេញពីតំបន់ត្រីកោណមាស ជាពិសេសនៅរដ្ឋ Shan របស់មីយ៉ាន់ម៉ា ៕