មណ្ឌលគិរី៖ ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ (បាក់ខាំ) ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរិ ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ ពិសេស គឺសហគមន៍មូលដ្ឋាននោះតែម្ដង។
លោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ ក្នុងពិធីសម្ពោធប្រព័ន្ធធារាសាស្ត្រ ស្រែជ្រៃ (បាក់ខាំ) កាលពីម្សិលមិញ បានឱ្យដឹងថា គម្រោងរបៀងអភិរក្សជីវៈចម្រុះ (BCCP) នៅកម្ពុជា ទទួលបានហិរញ្ញប្ប ទានឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន១៩លានដុល្លារ សម្រាប់ដំណើរការអនុវត្តគម្រោង របៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ សម្រាប់ខេត្តមណ្ឌលគិរី និងខេត្តកោះកុង។
គោលបំណង គឺផ្តោតសំខាន់ ទី១. ជំរុញឲ្យមានប្រសិទ្ធភាព និងភាពស្របច្បាប់ដល់សហគមន៍មូលដ្ឋានការគ្រប់គ្រង ប្រើប្រាស់ធនធានព្រៃឈើ ការទទួលស្គាល់សហគមន៍ព្រៃឈើ និងព្រៃការពារធម្មជាតិ ទី២. ស្តារឡើងវិញ នូវព្រៃរេចរិល ធានាការដាំដុះប្រភេទឈើក្នុងស្រុក ការធ្វើកសិរុក្ខកម្ម ការកែឆ្នៃអនុផលព្រៃឈើ ទី៣. លើក កម្ពស់ជីវភាពសហគមន៍ ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងខ្នាតមធ្យម និងទី៤ បង្កើតមុខរបរបន្ថែម ដល់គ្រួសារ ចូលរួមជាមួយសកម្មភាពគម្រោង និងការទប់ទល់ទៅនឹងការបម្រែបម្រួលអាកាសធាតុ ក៏ដូច ជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅខេត្តមណ្ឌលគិរី។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា គម្រោងរបៀងអភិរក្សជីវៈចម្រុះ មហាអនុតំបន់មេគង្គ នៅខេត្តមណ្ឌលគិរី បានចូលរួមចំណែកដល់ការគ្រប់គ្រងធនធានព្រៃឈើ ជំរុញការ ដាំស្តារព្រៃឈើឡើងវិញ នៅតំបន់ដីព្រៃរេចរិល តាមរយៈការដាំដុះបញ្ចូលនូវប្រភេទឈើព្រៃក្នុងស្រុក ការ ធ្វើកសិរុក្ខកម្ម បង្កើនជីវភាពសហគមន៍ និងបង្កើនប្រាក់ចំណូលដល់សហគមន៍បណ្តុះបណ្តាលពង្រឹង សមត្ថភាព ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន។
លោក បានបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្រ្ត (បាក់ខាំ) បានផ្តល់ផលដល់ប្រជាពលរដ្ឋ ចំនួន ៥១គ្រួសារ ដែលអាចផ្គត់ផ្គង់ទឹកស្រោចស្រពដីស្រែ ចំនួន១៧១ហិកតា។
ប្រជាសហគមន៍ ដែលទទួល ផលពីគម្រោង សរុប៥១គ្រួសារ ដែលអាចផ្គត់ផ្គង់ទឹកស្រោចស្រពដីស្រែ ចំនួន១៧១ហិកតា។ គម្រោងនេះ បានដំណើរការសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ជាស្ថាពរកាលពីខែកញ្ញា ឆ្នាំ២០២០។
លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស សហគមន៍នៅតំបន់នេះ ត្រូវចូលរួមថែ រក្សាការពារទំនប់នេះ ឲ្យបានគង់វង្ស ទុកសម្រាប់ប្រើប្រាស់បង្កបង្កើនផលកសិកម្ម ការធ្វើចរាចរណ៍ លើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ចៀសការខ្វះខាតទឹកក្នុងការធ្វើកសិកម្ម និងឲ្យប្រជាពលរដ្ឋ អាចយកទៅប្រើប្រាស់ឲ្យបានល្អប្រសើរ៕
អត្ថបទ៖ អ៊ិត ភីរុណ