ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong Un បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងយោធាកាលពីថ្ងៃពុធសប្ដាហ៍នេះ និងបានត្រួតពិនិត្យសមយុទ្ធកាំភ្លើងធំកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ។

ក្នុងកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមទី ៨ នៃគណបក្សពលករកូរ៉េ លោក Kim បានសង្កត់ធ្ងន់ថា តួនាទីរបស់អង្គការបក្សដែលអនុវត្តវិធានការពីថ្នាក់ដឹកនាំកណ្តាល គួរតែត្រូវបានពង្រឹងដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងក្នុងការកសាងកងទ័ព និងសកម្មភាពយោធា។

សារព័ត៌មានKCNAបានរាយការណ៍ថាលោក Kim បាននិយាយផងដែរថា ពិតជាមានសារសំខាន់ណាស់ក្នុងការរៀបចំការប្រកួតប្រជែងបាញ់ប្រហារជាញឹកញាប់នៅជិតបរិយាកាសសង្គ្រាមជាក់ស្តែង ដើម្បីកសាងកម្លាំងយោធាដ៏មានឥទ្ធិពល។
នេះជាសកម្មភាពចុងក្រោយបំផុតរបស់លោក Kim ត្រូវបានរាយការណ៍ដោយសារព័ត៌មាន KCNA ដែលផ្តោតលើការពង្រឹងយោធាក្នុងសប្តាហ៍កន្លងទៅ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ក្នុងអំឡុងខែឧសភា តែមួយគត់ មេដឹកនាំវ័យក្មេងរបស់ប្រទេសឯកាមួយនេះ បានចុះពិនិត្យរោងចក្រផលិតគ្រាប់បែក និងរថក្រោះ ដឹកនាំការសាកល្បងមីស៊ីលរយៈចម្ងាយខ្លី និងសមយុទ្ធដែនអាកាស ហើយបានថ្កោលទោសការដាក់ឲ្យដំណើរការនាវាចម្បាំងដែលបរាជ័យថាជា "ឧក្រិដ្ឋកម្ម"។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលថ្ងៃចន្ទ ២៦ ឧសភាសប្ដាហ៍នេះថា ក្រុមអាជ្ញាធរកូរ៉េខាងជើង បានឃុំខ្លួនមន្ត្រី ៤នាក់ ជុំវិញការបរាជ័យនៃការដាក់ដំណើរការនាវាពិឃាតកងទ័ពជើងទឹក នៅក្នុងឧបទ្ទវហេតុដ៏អាម៉ាស់មួយដែលលោកKim បាននិយាយថា បណ្តាលមកពីការធ្វេសប្រហែស ៕