សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយប្រធានគណបក្សមានសម្ព័ន្ឋភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ២៧គណបក្ស និងគណបក្សថ្មីមួយបន្ថែមទៀត មានឈ្មោះថា គណបក្សសន្តិភាពជាតិ ដែលទើបបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងកិច្ចប្រជុំព្រឹកនេះ។
គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀង សហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងបណ្តាគណបក្សនយោបាយទាំង២៩នេះ ធ្វើឡើងដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ ប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង។ ហើយការចងសម្ព័ន្ធភាពនេះ គោរពតាមកិច្ចព្រៀមព្រៀងសំខាន់ៗដូចជា៖ សហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងប្តេជ្ញាគោរព ប្រតិបត្តិការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ៖ទូច សោភ័ណ


