អ៊ីស្រាអែលបានបញ្ជាឱ្យបិទមន្ទីរពេទ្យ al-Awda នៅភាគខាងជើងតំបន់ហ្កាហ្សា ដោយបង្កំឱ្យក្រុម មន្ត្រីសុខាភិបាលត្រៀមដឹកជញ្ជូនអ្នកជំងឺជាច្រើននាក់ចេញ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ស្របពេលសារការទម្លាក់គ្រាប់បែកដ៏សាហាវឥតឈប់ឈរ និងការអត់ឃ្លាននៅតំបន់ដែលឡោមព័ទ្ធនេះ។

ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះមក។
ក្រសួងសុខាភិបាលហ្កាហ្សាបានហៅការរុញច្រានរបស់អ៊ីស្រាអែល ដែលបានបង្ខំឱ្យមន្ទីរពេទ្យបិទដំណើរការសង្គ្រោះអាយុជីវិតមនុស្សថាជាការរំលោភបំពានគ្មានព្រំដែន និងឧក្រិដ្ឋកម្ម ប្រឆាំងនឹងវិស័យវេជ្ជសាស្ត្រក្នុងទឹកដីហែកហួរដោយសង្រ្គាមមួយនេះ។

យោងតាមមន្ត្រីសុខាភិបាល បានឲ្យដឹងថា Al-Awda គឺជាមន្ទីរពេទ្យប្រតិបត្តិការចុងក្រោយនៅភាគខាងជើងហ្កាហ្សា ។ការបិទមន្ទីរពេទ្យនេះបានកើតឡើងស្របពេលអ៊ីស្រាអែលបន្តការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ជាបញ្ជាចុងក្រោយកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែលប៉ះពាល់ដល់មនុស្សមួយចំនួនធំនៅភាគខាងជើង និងភាគខាងកើតនៃទីក្រុងហ្កាហ្សា។
ក្រសួងខាងលើបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងសុខាភិបាលអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ធានានូវការការពារប្រព័ន្ធសុខាភិបាលក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដូចដែលបានធានាដោយច្បាប់អន្តរជាតិ និងមនុស្សធម៌។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មនុស្ស ៩៧ នាក់ រួមទាំងអ្នកជំងឺ ១៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ កំពុងរៀបចំបេសកកម្មនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីផ្ទេរអ្នកជំងឺទៅកាន់កន្លែងផ្សេង៕