តុលាការឧទ្ធរណ៍សហព័ន្ធ បានអនុញ្ញាតឲ្យបន្តវិញជាបណ្តោះអាសន្ននូវការដំឡើងពន្ធច្រើនបំផុតរបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា មួយថ្ងៃបន្ទាប់ពីតុលាការពាណិជ្ជកម្ម បានចេញសេចក្តីសម្រេចថា លោក Trump បានប្រព្រឹត្តហួសពីអំណាចរបស់លោកក្នុងការដំឡើងពន្ធ។

តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់តុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនកំពុងផ្អាកការចេញសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដើម្បីពិចារណាលើបណ្តឹងឧទ្ធរណ៍របស់រដ្ឋាភិបាល និងបានបង្គាប់ឱ្យដើមបណ្តឹងក្នុងសំណុំរឿងឆ្លើយតបនៅថ្ងៃទី៥ ខែមិថុនា ហើយរដ្ឋបាល នៅថ្ងៃទី៩ ខែមិថុនា។

សេចក្តីសម្រេចដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃពុធដោយតុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក បានគំរាមលុបចោល ឬយ៉ាងហោចណាស់ពន្យារពេលការដាក់ការដំឡើងពន្ធដែលគេហៅថា ថ្ងៃរំដោះ របស់លោកTrump លើការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មភាគច្រើនរបស់សហរដ្ឋអាមេរិក និងពន្ធបន្ថែមលើទំនិញមកពីប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិន។
គណៈកម្មការអង្គចៅក្រមចំនួនបីរូបរបស់តុលាការពាណិជ្ជកម្ម បានចេញសេចក្តីសម្រេចថា រដ្ឋធម្មនុញ្ញបានផ្តល់ឱ្យសភា ពុំមែនប្រធានាធិបតីទេ នូវអំណាចក្នុងការដាក់ពន្ធ និងដំឡើងពន្ធ ហើយប្រធានាធិបតីបានប្រព្រឹត្តហួសពីសិទ្ធិអំណាចរបស់លោក ដោយយកមកប្រើនូវច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ ជាច្បាប់ដែលមានបំណងដោះស្រាយការគំរាមកំហែងអំឡុងគ្រាអាសន្នជាតិ។