គ្រូបង្រៀនរាប់រយនាក់មកពីក្រុមអ្នកសម្របសម្រួលជាតិនៃបុគ្គលិកអប់រំ (CNTE) បានបិទផ្លូវ Reforma Avenue ជាផ្លូវដ៏សំខាន់មួយរបស់ទីក្រុង Mexico City កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ជាផ្នែកមួយនៃការតវ៉ាដែលកំពុងបន្តដោយទាមទារឱ្យមានការធ្វើឲ្យប្រសើរលក្ខខណ្ឌការងារ និងប្រព័ន្ធសោធននិវត្តន៍របស់ពួកគេ។

ក្រុមបាតុករ បានអង្គុយលើកៅអីនៅទីជម្រកក្រោមឆ័ត្រជ្រកពីកម្តៅថ្ងៃក្នុងរដូវក្តៅ ដោយបានបង្កើតរបាំងមនុស្សឆ្លងកាត់ផ្លូវជានិមិត្តរូប។
គ្រូបង្រៀន កំពុងទាមទារឱ្យលុបចោលច្បាប់ឆ្នាំ២០០៧ ដែលបានធ្វើឱ្យលក្ខខណ្ឌចូលនិវត្តន៍របស់គ្រូបង្រៀនកាន់តែពិបាកដោយការបង្កើនអាយុចូលនិវត្តន៍ស្របច្បាប់ពី៥៨ ទៅដល់៦៥ឆ្នាំ សម្រាប់បុរស និងពី៥៨ ទៅ៦២ឆ្នាំ សម្រាប់ស្ត្រី។

ក្រុមអ្នកតវ៉ា ក៏កំពុងទាមទារឲ្យមានការវិលត្រឡប់ទៅរកប្រព័ន្ធសោធននិវត្តន៍ដែលផ្អែកលើសាមគ្គីភាព។ នៅក្រោមច្បាប់ឆ្នាំ២០០៧ គំរូនេះត្រូវបានពិនិត្យឡើងវិញដើម្បីអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុគ្រប់គ្រងមូលនិធិសោធននិវត្តន៍។
ក្រុមអ្នកសម្របសម្រួលជាតិនៃបុគ្គលិកអប់រំ (CNTE) ដែលជាសហជីពគ្រូបង្រៀនដ៏មានឥទ្ធិពលបំផុតនៅប្រទេសម៉ិកស៊ិក នៅតែបន្តការតវ៉ានៅក្នុងរដ្ឋធានីចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ជាផ្នែកនៃកូដកម្មក្នុងប្រទេស បណ្តាលឱ្យមានការបិទសាលារៀន ដែលបានធ្វើឲ្យប៉ះពាល់ដល់កុមារប្រមាណ១,២លាននាក់។