ប្រជាជនប៉ាឡេស្ទីន កំពុងពណ៌នាពីការចាប់ផ្តើមចែកចាយជំនួយដោយមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិកថា មានភាពវឹកវរ និងខកចិត្ត។ នៅចំណុចចែកចាយនៅតំបន់ហ្កាហ្សាភាគកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនបានប្រាប់សាររព័ត៌មានរ៉យទ័រថា ពួកគេបានមើលឃើញថា ដំណើរការនេះមានភាពច្របូកច្របល់ ដោយចោទជាសំនួរថាតើនរណាជាអ្នកទទួលខុសត្រូវលើរឿងនេះ?

មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF) ជាក្រុមឯកជនដែលគាំទ្រដោយសហរដ្ឋអាមេរិក និងគាំទ្រដោយប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការក្នុងសប្តាហ៍នេះ។ ដំណើរការនេះ បានមើលឃើញនៅកន្លែងចែកចាយជំនួយពេញដោយពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងស្វែងរកការផ្គត់ផ្គង់ដែលត្រូវការយ៉ាងខ្លាំង។

ការចាប់ផ្តើមនៃប្រតិបត្តិការរបស់មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF) បានបង្កើនសម្ពាធអន្តរជាតិលើប្រទេសអ៊ីស្រាអែល ដើម្បីឲ្យស្បៀងអាហារបន្ថែមទៀតចូលទៅក្នុងតំបន់ និងបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សា។ ប្រព័ន្ធថ្មីនេះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំងដោយអង្គការសហប្រជាជាតិ និងក្រុមជំនួយផ្សេងទៀតថា ជាការឆ្លើយតបមិនគ្រប់គ្រាន់ និងមានកំហុសចំពោះវិបត្តិមនុស្សធម៌ដែលត្រូវបានបន្សល់ទុកដោយការបិទផ្លូវរយៈពេល១១សប្តាហ៍របស់អ៊ីស្រាអែល លើការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។