បាតុកម្មជាច្រើន បានផ្ទុះឡើងនៅទូទាំងប្រទេសបូលីវី កាលពីថ្ងៃព្រហស្បតិ៍ ខណៈកសិករ អ្នកបើកបររថយន្តដឹកទំនិញ និងអ្នកគាំទ្រអតីតប្រធានាធិបតី លោក Evo Morales បានចេញតវ៉ានូវអ្វីដែលពួកគេនិយាយថា វិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងររបស់ប្រទេស។

នៅទីក្រុង Cochabamba កសិករបានដើរដង្ហែក្បួនតាមដងផ្លូវដោយវាយឆ្នាំង និងខ្ទះ ដើម្បីបង្ហាញពីការខកចិត្តរបស់ពួកគេ ចំពោះការកើនឡើងតម្លៃទំនិញសំខាន់ៗ។ អ្នកតវ៉ានិយាយថា «យើងអំពាវនាវឱ្យអាជ្ញាធរក្រុង និងខេត្ត គ្រប់គ្រងការរំពឹងទុកនៃតម្លៃទំនិញ ហើយរដ្ឋាភិបាលកណ្តាល និងក្រុង មិនបានធ្វើការងាររបស់ពួកគេគ្រប់គ្រាន់ទេ»។
នៅទីក្រុង El Alto ក្រុមអ្នកតវ៉ាបានដុតរបាំង ខណៈអ្នកបើកបររថយន្តដឹកទំនិញបានបិទផ្លូវធំៗដោយដាក់រថយន្តរបស់ពួកគេរាំង នាំឲ្យការធ្វើចរាចរណ៍ត្រូវជាប់គាំង។

នៅទីក្រុង La Paz ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី លោក Evo Morales បានចូលរួមក្នុងបាតុកម្មទាមទារឱ្យមានការទទួលយកលោក Morales ជាបេក្ខជនប្រធានាធិបតី ទោះបីជាមានបម្រាមពីតុលាការបោះឆ្នោតក៏ដោយ។
ការតវ៉ានេះ បានកើតឡើងក្នុងពេលដែលមានកង្វះប្រាក់ដុល្លារ និងប្រេងឥន្ធនៈធ្ងន់ធ្ងរ ដែលបានញាំញីប្រទេសបូលីវី ចាប់តាំងពីដើមឆ្នាំ ២០២៣ ស្របពេលជាមួយនឹងការធ្លាក់ចុះនៃប្រាក់ចំណូលនាំចេញឧស្ម័នធម្មជាតិ និងការធ្លាក់ចុះទុនបម្រុងអន្តរជាតិ។