ឯកសារផ្ទៃក្នុងដែលមើលឃើញដោយសារព័ត៌មានរ៉យទ័របានបង្ហា្ឲញថា លេខាធិការដ្ឋានអង្គការសហប្រជាជាតិ កំពុងរៀបចំកាត់បន្ថយថវិកា ៣,៧ពាន់លានដុល្លាររបស់ខ្លួនចំនួន ២០% និងរំសាយការងារបុគ្គលិកប្រហែល ៦.៩០០មុខតំណែង។

សេចក្ដីណែនាំ ដែលស្នើឱ្យបុគ្គលិកលម្អិតអំពីការកាត់បន្ថយត្រឹមថ្ងៃទី១៣ ខែមិថុនា ខាងមុខនេះ កើតឡើងស្របពេលវិបត្តិហិរញ្ញវត្ថុដ៏ជ្រៅ ដែលបង្កឡើងដោយផ្នែកដោយសារសហរដ្ឋអាមេរិក ដែលជារៀងរាល់ឆ្នាំផ្តល់មូលនិធិជិតមួយភាគបួនដល់ UN។

បន្ថែមពីលើការកាត់ជំនួយបរទេសរបស់អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដែលបំផ្លាញទីភ្នាក់ងារមនុស្សធម៌ជាច្រើនរបស់អង្គការសហប្រជាជាតិ ពេលនេះសហរដ្ឋអាមេរិកបានជំពាក់ - សម្រាប់បំណុល និងឆ្នាំសារពើពន្ធបច្ចុប្បន្ន - ក្នុងតួលេខជិត ១,៥ពាន់លានដុល្លារ។

អ្នកនិពន្ធនៃអនុស្សរណៈ គឺប្រធានត្រួតពិនិត្យអង្គការសហប្រជាជាតិ លោក Chandramouli Ramanathan មិនបានលើកឡើងពីការខកខានទូទាត់ប្រាក់របស់អាមេរិកនោះទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា វិធានការកាត់បន្ថយនេះគឺជាផ្នែកមួយនៃការពិនិត្យឡើងវិញក្នុងខែមីនា ដែលមានឈ្មោះថា "UN80"។ ជំហាននេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ ដែលជាការចាប់ផ្តើមនៃវដ្តថវិកាបន្ទាប់។
ថ្លែងទៅកាន់អ្នកការទូតរបស់អង្គការសហប្រជាជាតិក្នុងខែនេះ អគ្គលេខាធិការ លោក Antonio Guterres បាននិយាយថា លោកកំពុងពិចារណាលើការផ្លាស់ប្តូរដ៏ធំ ដែលនឹងដាក់បញ្ចូលគ្នានូវទីភ្នាក់ងារសំខាន់ៗ និងផ្លាស់ប្តូរធនធាននៅទូទាំងពិភពលោក៕