យោងតាមមន្ត្រីអាមេរិកពីររូបបានឱ្យដឹងថា សហរដ្ឋអាមេរិក គ្រោងនឹងបង្កើនការលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ ដល់កម្រិតដ៏ច្រើនលើសពីអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងប្រទេសចិន ខណៈទីក្រុងប៉េកាំង បង្កើនសម្ពាធយោធា និងបន្តអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងនេះ។

ប្រសិនបើការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ កើនឡើងមែននោះ ចំណុចនេះអាចបន្ធូរបន្ថយការព្រួយបារម្ភអំពីវិសាលភាពនៃការប្តេជ្ញាចិត្តរបស់លោក Trump ចំពោះកោះនេះ ហើយក៏នឹងបន្ថែមនូវភាពរកាំរកូសថ្មីដល់ទំនាក់ទំនងដ៏តានតឹងរួចទៅហើយរវាងអាមេរិក និងចិន។

មន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះទាំងនេះបាននិយាយថា ពួកគេរំពឹងថា ការអនុម័តរបស់សហរដ្ឋអាមេរិក សម្រាប់ការលក់អាវុធទៅឱ្យទីក្រុងតៃប៉ិ ក្នុងពេល ៤ឆ្នាំខាងមុខ នឹងលើសពីចំនួនដែលបានលក់នៅក្នុងអាណត្តិដំបូងរបស់លោក Trump ហើយការជូនដំណឹងពីការលក់សព្វាវុធបែបនេះ អាច "កើនឡើងយ៉ាងងាយ" ជាងរយៈពេលមុន។

គួរឱ្យដឹងថា រដ្ឋបាលដំបូងរបស់លោក Trump បានអនុម័តការលក់អាវុធដ៏ច្រើនរួចទៅហើយដែលមានតម្លៃប្រហែល ១៨,៣ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ ធៀបនឹងតួលេខប្រមាណ ៨,៤ពាន់លានដុល្លារ ក្នុងអំឡុងពេលអាណត្តិរបស់លោកអតីតប្រធានាធិបតី Joe Biden នេះបើយោងតាមការគណនារបស់សារព័ត៌មានរ៉យទ័រ៕