ក្រុមពហុជាតិសាសន៍មួយក្រុម ដែលត្រូវបានបង្កើតឡើងដើម្បីតាមដានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសនេះបានផ្ទេរមីស៊ីលបាលីស្ទីកយ៉ាងហោចណាស់១០០គ្រាប់ ទៅឲ្យប្រទេសរុស្ស៊ីដោយខុសច្បាប់ កាលពីឆ្នាំមុន។ ក្រុមឃ្លាំមើលការដាក់ទណ្ឌកម្ម បានចេញផ្សាយរបាយការណ៍ដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមនេះ ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន១១ រួមមានទាំងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ចំណាត់ការនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានភារកិច្ចតាមដានការអនុវត្តទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង បានបញ្ឈប់សកម្មភាពរបស់ខ្លួនកាលពីឆ្នាំមុន។

រុស្ស៊ី បានប្រើសិទ្ធិវេតូ ដើម្បីរារាំងសកម្មភាពរបស់ក្រុមប្រឹក្សានេះ។ របាយការណ៍បាននិយាយថា កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងជើង ក៏បានផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវមីស៊ីលប្រឆាំងរថក្រោះ និងសព្វាវុធផ្សេងទៀត ដោយបានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ របាយការណ៍និយាយថា ទីក្រុងព្យុងយ៉ាង បានដាក់ពង្រាយកងទ័ពជាង ១១.០០០ នាក់ ទៅកាន់ប្រទេសរុស្ស៊ីនៅចុងឆ្នាំ២០២៤ និងទាហានបន្ថែមជាង ៣.០០០នាក់នៅចន្លោះខែមករា ដល់ខែមីនា ឆ្នាំនេះ។
របាយការណ៍ក៏បាននិយាយផងដែរថា រុស្ស៊ីត្រូវបានគេជឿថាបានផ្តល់ឲ្យប្រទេសកូរ៉េខាងជើងនូវប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកទំនើបៗ រួមទាំងឧបករណ៍សម្រាប់បង្អាក់ផងដែរ។ របាយការណ៍បានលើកឡើងថា ទីក្រុងមូស្គូពុំបានជូនដំណឹងដល់គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកការដាក់ទណ្ឌកម្មទេ ដែលថាទីក្រុងនេះបានផ្គត់ផ្គង់ទៅឲ្យទីក្រុងព្យុងយ៉ាង នូវប្រេងចម្រាញ់រួច។
របាយការណ៍និយាយថា នាវាបំពាក់ទង់ជាតិរុស្ស៊ីត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនគ្រាប់កាំភ្លើងធំ និងរបស់របរផ្សេងៗទៀតក្នុងបរិមាណច្រើន ដើម្បីបំពេញតម្រូវការកើនឡើងបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។