មនុស្ស ៤នាក់ ដែលជាប់ពន្ធនាគារនៅក្នុងការកាត់ទោសសន្តិសុខជាតិទីក្រុងហុងកុង នៃសណុំរឿង "អ្នកប្រជាធិបតេយ្យទាំង ៤៧នាក់" ក្នុងបទសមគំនិតក្នុងការធ្វើវិទ្ធង្សនា (ការបង្កភាពវឹកវរដល់សង្គម) ត្រូវបានដោះលែងនៅថ្ងៃសុក្រ (៣០ ឧសភា) នេះ បន្ទាប់ពីការជាប់ឃុំអស់រយៈពេលជាង ៤ឆ្នាំ ដែលជាក្រុមទីពីរនឹងត្រូវបានដោះលែងក្នុងពេលមួយខែ។

ក្នុងចំណោមអ្នកដែលត្រូវដោះលែងទាំងនោះ រួមមានសកម្មជននយោបាយ និងគាំទ្រសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) យូរមកហើយ ឈ្មោះ Jimmy Sham ដែលបានដឹកនាំក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតមួយរបស់ក្រុងហុងកុង គឺរណសិរ្សសិទ្ធិមនុស្សស៊ីវិល ហៅកាត់ថា CHRF ដែលបានរំសាយនៅឆ្នាំ២០២១។

អ្នកផ្សេងទៀតដែលត្រូវបានដោះលែងមាន ឈ្មោះ Kinda Li, Roy Tam និង Henry Wong។ គួររម្លឹកថា អ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤៧នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅដើមឆ្នាំ២០២១ ពីបទសមគំនិតធ្វើវិទ្ធង្សនានៅក្រោមច្បាប់ជាតិ ដែលដាក់ដោយទីក្រុងប៉េកាំង ហើយរងការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។
ក្នុងចំណោមនោះ ជនជាប់ចោទ ៤៥នាក់ ត្រូវបានកាត់ទោស បន្ទាប់ពីការកាត់ក្តីជាច្រើនជុំ ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលយូររហូតដល់ ១០ឆ្នាំ ដោយមានតែពីរនាក់ប៉ុណ្ណោះដែលបានរួចខ្លួនពីបទចោទប្រកាន់នៅពេលនោះ៕
