បេក្ខជននាំមុខគេនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃសុក្រ (៣០ ឧសភា) នេះ បានស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីធ្វើរឹតបន្តឹងការដាក់ច្បាប់អាជ្ញាសឹក ក្នុងគោលបំណងទប់ស្កាត់វិបត្តិនយោបាយ ដូចការផ្ទុះឡើងដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។

ខណៈបេក្ខជនបានឈានចូលវគ្គចុងក្រោយមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី០៣ ខែមិថុនា ខាងមុខ លោក Lee និងបក្សប្រជាធិបតេយ្យរបស់លោក បានជំរុញឱ្យប្រជាជនកូរ៉េខាងត្បូង ចេញទៅបោះឆ្នោតដើម្បីបញ្ចប់ភាពចលាចលនយោបាយ ដែលបានគ្របដណ្តប់ប្រទេស ចាប់តាំងពីការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ របស់អតីតមេដឹកនាំអភិរក្សនិយម លោក Yoon Suk Yeol។

លោក Lee បាននិយាយថា លោកនឹងស្វះស្វែងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងតម្រូវការច្បាប់អាជ្ញាសឹក ជាឧទាហរណ៍ដូចជាការមិនអនុញ្ញាតឱ្យមេដឹកនាំអនុវត្តច្បាប់អាជ្ញាសឹក ដោយមិនទទួលបានការយល់ព្រមពីសភាក្នុងរយៈពេល ២៤ម៉ោងនោះទេ។

ប្រជាជនកូរ៉េខាងត្បូង កាន់តែច្រើនបានចេញទៅបោះឆ្នោតមុនកំណត់នៅថ្ងៃសុក្រនេះ បន្ទាប់ពីតួលេខកំណត់ត្រាបានទៅទម្លាក់សន្លឹកឆ្នោតរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។ ការបោះឆ្នោតមុនកាលកំណត់ នឹងបញ្ចប់នៅម៉ោង ៦ ល្ងាច (ម៉ោងក្នុងស្រុក) នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈការបោះឆ្នោតផ្លូវការនឹងចាប់ផ្ដើមនៅថ្ងៃទី០៣ ខែមិថុនា៕