យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសចិន បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ទៅកាន់បញ្ជាការកោះមួយកន្លែងនៅក្នុងសមុទ្រចិនខាងត្បូង នៅពេលនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក បានវិលត្រឡប់ទៅល្បាតនៅដែនទឹកជម្លោះនោះ។

ចិន បានអះអាងសិទ្ធិអធិបតេយ្យភាពលើភាគច្រើននៃសមុទ្រចិនខាងត្បូង ជាមួយនឹងការទាមទារដែលត្រួតស៊ីគ្នានៃប្រទេសជិតខាងជាច្រើន។ ទីក្រុងប៉េកាំង បានពង្រឹងវត្តមានក្នុងតំបន់ ដោយការសាងសង់មូលដ្ឋានយោធា រួមទាំងផ្លូវរត់យន្តហោះ និងមូលដ្ឋានផ្ទុកយន្តហោះ នៅលើប្រជុំកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

ដោយដកស្រង់រូបភាពពីផ្កាយរណបដែលផ្តល់ដោយវិទ្យាស្ថាន Maxar Technologies សារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនពីរគ្រឿង ត្រូវបានប្រទះឃើញនៅអាកាសយានដ្ឋានលើកោះ Woody កាលថ្ងៃទី១៩ ខែឧសភា។ កោះនេះក្លាយជាផ្នែកមួយនៃប្រជុំកោះ Paracel ស្ថិតនៅភាគអាគ្នេយ៍នៃកោះ Hainan ភាគខាងត្បូងប្រទេសចិន។

វត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបរបស់ទីក្រុងប៉េកាំងនេះ កើតឡើងក្នុងពេលដែលយោធាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ដើម្បីរក្សានូវអ្វីដែលពួកគេហៅថា "សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើដែនទឹកមានជម្លោះ"។ ការដាក់ពង្រាយនេះក៏ស្របពេលនឹងការវិលត្រឡប់របស់នាវាផ្ទុកយន្តហោះចំណាស់បំផុតរបស់អាមេរិក USS Nimitz ដែលកំពុងបម្រើការ ទៅកាន់សមុទ្រចិនខាងត្បូងវិញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ៕