យោងតាមរបាយការណ៍មួយពីសារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) បានបង្ហាញថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងត្រូវសម្រេចបានយ៉ាងឆាប់បំផុតនៅក្នុងកិច្ចចរចាបន្ទាប់ជុំទី៦ ដែលមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយ។ វឌ្ឍនភាពដ៏ធំដែលអាចទៅរួចនេះ កើតឡើងបន្ទាប់ពីកិច្ចចរចាដែលជាប់គាំងជាច្រើនឆ្នាំ ហើយក៏ស្របពេលនឹងក្ដីបារម្ភក្នុងតំបន់កាន់តែខ្លាំង ជាពិសេសពីអ៊ីស្រាអែល។

លទ្ធផលនៃការចរចាទាំងនេះអាចកែប្រែសក្ដានុពលការទូត និងយោធាឡើងវិញនៅទូទាំងមជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងជោគជ័យណាមួយ អាចបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងបើកផ្លូវការទូតឡើងវិញ ដែលត្រូវបានបិទបន្ទាប់ពីការដកខ្លួនរបស់លោកប្រធានាធិបតី Donald Trump ពីផែនការសកម្មភាពទូលំទូលាយរួម (JCPOA) កាលឆ្នាំ២០១៨។

យោងតាម CNN កិច្ចពិភាក្សាចុងក្រោយនោះផ្ដោតលើលទ្ធភាពនៃការវិនិយោគរបស់អាមេរិក នៅក្នុងកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់អ៊ីរ៉ង់។ នៅក្រោមការរៀបចំនេះ ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នឹងត្រូវធ្វើឡើងដោយអង្គការពហុភាគី ដែលមានបណ្ដាប្រទេសមជ្ឈិមបូព៌ាមួយចំនួន និងទីភ្នាក់ងារអាតូមិកអន្តរជាតិ (IAEA)។

យ៉ាងណាក៏ដោយ មិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយទេ ហើយរចនាសម្ព័ន្ធនៅតែស្ថិតក្រោមការចរចា ដែលធ្លាប់ជាប់គាំងជុំវិញសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើការចរចាចំនួន ៥លើកមកហើយនៅទីក្រុង Muscat អូម៉ង់ និងទីក្រុងរ៉ូម ដោយជុំទី៦ មិនទាន់ត្រូវបានកំណត់ពេលនៅឡើយ៕