បេសកជនដែលទើបតែងតាំងថ្មីរបស់សហរដ្ឋអាមេរិកប្រចំាប្រទេសស៊ីរី បាននិយាយថា លោកជឿជាក់ថាសន្តិភាពរវាងសាធារណរដ្ឋអារ៉ាប់ស៊ីរីនិងអ៊ីស្រាអែល អាចសម្រេចបាន ខណៈដែលលោកបានធ្វើដំណើរទៅក្រុងដាម៉ាសជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ដោយសរសើររដ្ឋាភិបាលថ្មីចំពោះការត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចពិភាក្សា។

លោក Thomas Barrack បានលើកទង់ជាតិអាមេរិក នៅលើនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតជាលើកដំបូង ចាប់តាំងពីស្ថានទូតអាមេរិក បានបិទក្នុងឆ្នាំ ២០១២ ដោយគូសបញ្ជាក់ពីការពង្រីកទំនាក់ទំនងរបស់សហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស ជាមួយទីក្រុងដាម៉ាស (Damascus) ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បានប្រកាសដកទណ្ឌកម្មដោយមិនបានរំពឹងទុក និងបានជួបមេដឹកនាំស៊ីរីលោក Ahmed Al-Sharaa ។
លោក Barrack បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមួយក្រុមនៅទីក្រុងដាម៉ាសថា៖«ស៊ីរី និងអ៊ីស្រាអែល គឺជាបញ្ហាដែលអាចដោះស្រាយបាន។ ប៉ុន្តែដំណេះស្រាយចាប់ផ្តើមជាមួយនឹងការសន្ទនា»។ លោកបាននិយាយថា៖«ខ្ញុំចង់និយាយថា យើងត្រូវតែចាប់ផ្តើម ដោយគ្រាន់តែមានកិច្ចព្រមព្រៀងមិនឈ្លានពាននិងនិយាយអំពីការកំណត់ព្រំដែន និងព្រំប្រទល់»។
លោក Barrack ក៏បាននិយាយផងដែរថា ស៊ីរីនឹងមិនត្រូវបានចាត់ទុកថា ជារដ្ឋឧបត្ថម្ភដល់អំពើភេរវកម្មដោយសហរដ្ឋអាមេរិកទៀតទេ ដោយបញ្ជាក់ថា បញ្ហានេះ បាន «ចប់សព្វគ្រប់ ជាមួយនឹងរបបលោកអាសាដ ដែលត្រូវបានបញ្ចប់ហើយដែរនោះ ប៉ុន្តែសភាមានរយៈពេលត្រួតពិនិត្យឡើងវិញចំនួន ៦ខែ។
លោក Barrack បាននិយាយថា៖«ចេតនារបស់អាមេរិក និងចក្ខុវិស័យរបស់ប្រធានាធិបតី គឺយើងត្រូវផ្តល់ឱកាសឲ្យរដ្ឋាភិបាលវ័យក្មេងនេះ ដោយមិនជ្រៀតជ្រែក មិនទាមទារ ដោយមិនផ្តល់លក្ខខណ្ឌ និងមិនដាក់វប្បធម៌របស់យើងលើវប្បធម៌របស់អ្នក»។
