គណៈប្រតិភូលីបង់ និងស៊ីរី បានជួបប្រជុំគ្នា នៅទីក្រុងដាម៉ាស ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីនីតិវិធីសម្រាប់ការគ្រប់គ្រងការរត់ពន្ធឆ្លងព្រំដែន ជាពិសេសការជួញដូរគ្រឿងញៀន។
ក្រសួងមហាផ្ទៃស៊ីរី បានប្រកាសថា ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍ នៅព្រំដែនលីបង់-ស៊ីរី និងវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រង និងទប់ស្កាត់ប្រតិបត្តិការរត់ពន្ធ។

ក្រសួងបាននិយាយថា លោកឧត្តមសេនីយ៍ Ahmed Latouf ជំនួយការរដ្ឋមន្ត្រីក្រសួងកិច្ចការនគរបាល កាលពី ល្ងាចថ្ងៃអង្គារ បានជួបជាមួយគណៈប្រតិភូកងទ័ពលីបង់ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Michel Boutros។
នាយអគ្គសេនាធិការនៃកងទ័ពស៊ីរី លោកឧត្តមសេនីយ៍ត្រី Ali Al-Naasan និងលោក Boutros ធ្លាប់បានជួបប្រជុំ ដើម្បីបង្កើនការសម្របសម្រួលយោធារវាងប្រទេសទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី ក្រសួងមហាផ្ទៃបាននិយាយថា កិច្ចប្រជុំរវាងលោក Naasan និងលោក Boutros គឺជាផ្នែកមួយនៃការពិភាក្សាជាបន្តបន្ទាប់ រវាងពួកគេ។
