ដោយមានរយៈត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ឈានដល់ការផ្អាកសង្គ្រាមពាណិជ្ជកម្មរបស់ភាគីទាំង២ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់វិធានការដកហូតទិដ្ឋាការរបស់និស្សិតចិនដែលកំពុងសិក្សា នៅសហរដ្ឋអាមេរិក និងរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាសំខាន់ៗ សម្រាប់ម៉ាស៊ីនយន្តហោះ និងបន្ទះឈីបទៅកាន់ប្រទេសចិន។
បណ្ដាអ្នកវិភាគបានលើកឡើងថា ទោះបីជាករណីនេះមិនទាក់ទងដោយផ្ទាល់នឹងបញ្ហាពាណិជ្ជកម្មក៏ដោយ ក៏ចំណាត់ការចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ដែលមានបំណងសំដៅទៅចិន នឹងមិនត្រូវបានទីក្រុងប៉េកាំងមើលឃើញថា ជារឿងល្អនោះឡើយ ហើយក៏អាចនាំឲ្យមានវិធានការសងសឹកពីចិនផងដែរ ជាអ្វីដែលនឹងធ្វើឲ្យខូចលក្ខខណ្ឌ សម្រាប់កិច្ចពិភាក្សាសេដ្ឋកិច្ចនាពេលអនាគត។

ទំនាក់ទំនង រវាងអាមេរិក និងចិន បានប្រែប្រួលមិនទៀងទាត់រួចហើយ អំឡុងអាណត្តិទី២ របស់លោក Trump នេះ។ ប៉ុន្តែជាការបង្កើនសម្ពាធលើចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសថា រដ្ឋាភិបាលនឹងដកហូតទិដ្ឋាការ សម្រាប់និស្សិតចិន ហើយនិងពិនិត្យយ៉ាងតឹងរ៉ឹងលើអ្នកដាក់ពាក្យសុំ នាពេលអនាគតពីប្រទេសចិន។
ចំណាត់ការពីមុនរបស់រដ្ឋបាលលោក Trump ចំពោះនិស្សិតអន្តរជាតិ ដូចជាការបញ្ចប់ចំនួនខ្ពស់បំផុតរបស់និស្សិតប្រហែល ១.៨០០នាក់ ក្នុងខែមេសា ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពទិដ្ឋាការរបស់ពួកគេនោះ មិនបានកំណត់គោលដៅជាពិសេស ចំពោះសិស្សដែលមកពីចិននោះទេ។ គិតត្រឹមឆ្នាំ២០២៤ មាននិស្សិតចិនប្រហែល ២៧៧.០០០នាក់ សិក្សានៅសហរដ្ឋអាមេរិក ដែលជាចំនួនខ្ពស់បំផុតលើប្រទេសផ្សេងៗ ក្រៅតែពីឥណ្ឌាដែលមានប្រហែលចំនួន ៣៣១.០០០នាក់។
អ្នកជំនាញទំនាក់ទំនងអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ លោក Shen Dingli បានកត់សម្គាល់ថា កូនៗរបស់មេដឹកនាំចិនជាច្រើន សិក្សានៅសហរដ្ឋអាមេរិក។ លោកបានប្រាប់សារព័ត៌មាន The Straits Times ថា វិធានការចុងក្រោយ គឺស្រដៀងទៅនឹង «ការវាយលុកទៅលើភាពទន់ខ្សោយរបស់ប្រទេសចិន»។
កាលពីថ្ងៃទី២៩ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចេញនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការដកហូតទិដ្ឋាការនេះ ដោយលោកស្រីបាននិយាយថា៖ «សហរដ្ឋអាមេរិកបានលុបចោលទិដ្ឋាការដោយមិនសមហេតុផល សម្រាប់និស្សិតចិន ក្រោមលេសនៃមនោគមវិជ្ជា និងសន្តិសុខជាតិ រំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់និស្សិតចិន ហើយរំខានដល់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសទាំង២។ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការនេះ ហើយបានដាក់ការតវ៉ាការទូតជាមួយអាមេរិក»៕

