ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងនៅថ្ងៃសុក្រនេះថា បណ្តាប្រទេសនៅអឺរ៉ុប គួរតែ«ពង្រឹងជំហររួម» ប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើប្រទេសនេះ មិនឆ្លើយតបសមស្របទៅនឹងស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាទេ។

ជាមួយនឹងសម្ពាធអន្តរជាតិកំពុងកើនឡើងលើអ៊ីស្រាអែលជុំវិញវិបត្តិភាពស្រែកឃ្លានកាន់តែធ្ងន់ធ្ងរឡើង នៅក្នុងតំបន់ហ្កាហ្សា លោក ម៉ាក្រុង បាននិយាយថា វិធានការ គឺចាំបាច់ត្រូវធ្វើឡើង «ក្នុងរយៈពេលពីរបីម៉ោង និងប៉ុន្មានថ្ងៃខាងមុខ»។ លោកក៏បានអះអាងផងដែរថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយមានលក្ខខណ្ឌ គឺ «មិនត្រឹមតែជាកាតព្វកិច្ចសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់ខាងនយោបាយថែមទៀតផង»។
