កម្លាំងទាហានប៉ារ៉ាដែលបានប្រយុទ្ធជាមួយយោធាស៊ូដង់ បាននិយាយថា ពួកគេបានដណ្តើមយកបានទីក្រុងយុទ្ធសាស្ត្រចំនួនពីរ ក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ដែលត្រូវបានញាំញីដោយការផ្ទុះជំងឺអាសន្នរោគ ដែលបានសម្លាប់មនុស្ស ៧០នាក់ នៅក្នុងរដ្ឋធានី ក្នុងសប្តាហ៍នេះ។
អស់រយៈពេលជាង ២ឆ្នាំ ប្រទេសធំជាងគេទី៣ របស់ទ្វីបអាហ្រ្វិក ត្រូវបានហ៊ុមព័ទ្ធដោយសង្រ្គាមរវាងកងទ័ព ដែលដឹកនាំដោយមេដឹកនាំពិតប្រាកដរបស់ប្រទេសនេះគឺ លោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស(RSF)។

ការផ្ទុះឡើងនៃការឆ្លងជំងឺអាសន្នរោគ បានកើតឡើង រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនដែលត្រូវបានស្តីបន្ទោសទៅលើកងកម្លំាង RSF បានផ្តាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនី នៅទូទាំងរដ្ឋធានីខាទុំ(Khartoum) ដែលឥឡូវនេះប្រឈមមុខនឹងស្ថានភាពអាសន្នផ្នែកសុខភាព ដែលកំពុងកើនឡើង។
កងកម្លាំង RSF បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន បានដណ្តើមយកមកវិញនូវទីក្រុងសំខាន់ៗដូចជាទីក្រុង Dibeibat ក្នុងរដ្ឋ South Kordofan និងទីក្រុង Al-Khoei នៅរដ្ឋ West Kordofan ដែលជាប់ព្រំដែនស៊ូដង់ខាងត្បូង។
អ្នកនាំពាក្យរបស់កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស( RSF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការរំដោះទីក្រុង Dibeibat ហើយបន្ទាប់មកទីក្រុង Al-Khoei មិនត្រឹមតែមានន័យថា ជ័យជម្នះលើសមរភូមិ ប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងការគ្រប់គ្រងពេញលេញនៃរបស់កងកម្លាំង RSF លើតំបន់ Kordofan ភាគច្រើន»។
