កំពត៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២១ ឯកឧត្តមឧនាយឧត្តមសេនីយ៍ ប៉ោ ភក្ត្រ័ អគ្គលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៥៥៨នាក់ នៅវិទ្យាល័យ ហ៊ុន សែន ឈូក ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
ពិធីនេះ បានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ឈូក ស្ថិតនៅក្នុងស្រុកឈូកខេត្តកំពត ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាល នៃគណៈអភិបាលស្រុកឈូក និងសហការី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញស្រុកផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្ត្រ័ បានបញ្ជាក់ថា បច្ចុប្បន្នពិភពលោកស្ថិតក្នុងបរិបទ រងការញាំញីដោយឥទ្ធិពលជំងឺកូវីដ១៩។ ប៉ុន្តែក្នុងនោះកម្ពុជាយើង ពិសេសក្នុងខេត្តកំពត ក៏បានធូរស្បើយពីការឆ្លងរាលដាជំងឺកូវីដ១៩ផងដែល ។
ទោះបីយ៉ាងនេះក្ដី ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ត្រូវតែបន្តបង្កើនការប្រុង ប្រយ័ត្ន ទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩នេះ ឆ្លងចូលដល់ក្នុងសហគមន៍យើង ម្តងទៀត ។
នាឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់សិស្សានុសិស្ស ឱ្យបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសបញ្ចៀសការចរាចរនិងប្រើប្រាស់គ្រឿងញៀនឱ្យបាន ព្រោះបច្ចុប្បន្នបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នេះវាបានបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងធនធានមនុស្សក្នុងសង្គមកម្ពុជាយើង ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង៕








