មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) នេះ បាននិយាយថា ក្តីសង្ឃឹម គឺ «ស្ទើរតែលែងមានទៀតហើយ» សម្រាប់កិច្ចចរចារ រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានថ្កោលទោស «ការកើនឡើងនូវការវាយប្រហារទ្រង់ទ្រាយធំយ៉ាងព្រៃផ្សៃ» នាពេលថ្មីៗនេះ លើប្រទេសអ៊ុយក្រែន។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Rosemary DiCarlo បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ការមានក្តីសង្ឃឹមតិចតួច» ដែលលោកស្រីបានបង្ហាញកាលពីមួយខែមុន ស្ទើរតែរលាយអស់ហើយ នៅពេលឃើញការវាយប្រហារយ៉ាងគឃ្លើននាពេលថ្មីៗនេះ។

លោកស្រី DiCarlo បាននបន្ថែមថា៖ «យោងតាមមន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា ដោយមានការប្រើប្រាស់យានដ្រូនចំនួន ៣៥៥គ្រឿង ការវាយប្រហារកាលពីថ្ងៃចន្ទ គឺជាការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតលើអ៊ុយក្រែន គិតចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញបន្ទុករបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។ កម្រិតនេះបានលើសកម្រិតវាយប្រហារខ្ពស់បំផុត នៅយប់មុននោះ»។
ជាមួយគ្នានេះ ទោះបីជាមិនមានការប្រកាសបទឈប់បាញ់ក៏ដោយ ក៏លោកស្រី DiCarlo បានសរសើរកិច្ចប្រឹងប្រែងការទូត នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃទី១៦ ខែឧសភា នៅពេលដែលគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានជួបប្រជុំគ្នា ដោយនិយាយថា «វាជាការជំរុញដែលភាគីទាំង២ បានរាយការណ៍ថា បានយល់ព្រមបន្តដំណើរការនេះ»។
លោក DiCarlo បានសង្កត់ធ្ងន់ថា៖ «រលកនៃការវាយប្រហារដ៏ធំនៅចុងសប្តាហ៍ គឺជាការព្រមានយ៉ាងច្បាស់ថា តើសង្រ្គាមនេះអាចឈានដល់កម្រិតបំផ្លិចបំផ្លាញថ្មីលឿនកម្រិតណា។ ក្តីសង្ឃឹមដែលភាគីនានានឹងអាចអង្គុយចុះចរចាគ្នា នៅតែមាន ប៉ុន្តែគ្រាន់តែស្ទើរតែអស់ហើយ»៕


