ខេត្ត Saskatchewan ភាគខាងលិចនៃប្រទេសកាណាដា បានប្រកាសគ្រាអាសន្នចំហេះព្រៃ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) ជាខេត្តទី២ ដែលបានដាក់ចេញនូវវិធានការបែបនេះបន្ទាប់ពីខេត្ត Manitoba ដែលនៅជិតខាង បានបញ្ជាឲ្យមនុស្ស ១៧.០០០នាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងសហគមន៍ដាច់ស្រយាល នៅមួយថ្ងៃមុននោះ។
រដ្ឋមន្ត្រីប្រចាំខេត្ត លោក Scott Moe បានប្រាប់សន្និសីទសារព័ត៌មានថា៖ «វាគឺជាស្ថានភាពធ្ងន់ធ្ងរដែលយើងកំពុងប្រឈមជាមួយនៅក្នុងខេត្ត Saskatchewan»។ លោកបានបន្តថា៖ «យើងកំពុងដាក់ចេញគ្រប់វិធានការដែលអាចធ្វើទៅបាន ដើម្បីរៀបចំសហគមន៍របស់យើង»។

អ្នកស្រុកប្រហែល ៤.០០០នាក់ត្រូវបានជម្លៀសចេញពីខេត្ត កាលពីដើមសប្តាហ៍នេះ ហើយការជម្លៀសកាន់តែច្រើន ទំនងជាអាចកើតមាន ដោយសារគ្មានភ្លៀងធ្លាក់តាមការព្យាករអាកាសធាតុ។ ហើយលោក Moe បានបញ្ជាក់បន្ថែមថា៖ «ក្រលេកមើលស្ថានភាពចំពោះមុខ មើលទៅមិនល្អនោះឡើយ។ ហើយវាទំនងជាអាចកាន់តែអាក្រក់ទៅៗ»។
គួរបញ្ជាក់ថា ខេត្ត Manitoba បានប្រកាសគ្រាអាសន្នទូទាំងខេត្ត កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ហើយបានបញ្ជាឲ្យមានការជម្លៀស នៅទីក្រុងតូចៗជាច្រើន និងសហគមន៍ជនជាតិដើមភាគតិច ខណៈដែលខេត្តនេះ បានជួបប្រទះនូវការចាប់ផ្តើមដ៏អាក្រក់បំផុតលើកដំបូង សម្រាប់រដូវកាលចំហេះព្រៃ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕

