អាជ្ញាធរនៅក្នុងរដ្ឋ Tamaulipas ភាគឦសាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) បានប្រាប់ឲ្យដឹងថា សពមនុស្សចំនួន ៥នាក់ ត្រូវបានប្រទះឃើញ អំឡុងប្រតិបត្តិការស្វែងរកសមាជិកនៃក្រុមតន្ត្រីម៉ិកស៊ិកដែលគេបានបារម្ភថា ត្រូវបានចាប់ពង្រត់។
សាច់ញាតិបានរាយការណ៍ថា បានទទួលការទារប្រាក់លោះ សម្រាប់តន្ត្រីករដែលមានអាយុចន្លោះពី ២០ឆ្នាំ ទៅ ៤០ឆ្នាំដែលត្រូវបានគេឃើញលើកចុងក្រោយ កាលពីថ្ងៃទី២៥ ខែឧសភា នៅក្នុងបារមួយ ក្នុងទីក្រុង Reynosa ជិតព្រំដែនសហរដ្ឋអាមេរិក។

ការិយាល័យអ្នកនាំពាក្យសន្តិសុខរដ្ឋ បានឲ្យដឹងនៅលើបណ្ដាញសង្គមថា៖ «ការស៊ើបអង្កេតបាននាំទៅដល់ទីកន្លែងដែលសពទាំង ៥នាក់ស្ថិតនៅ»។ យោងទៅតាម «លក្ខណៈបឋម» បានបង្ហាញថា សពទាំងនោះអាចជាសមាជិកដែលបាត់ខ្លួននៃក្រុមតន្រ្តីក្នុងប្រទេសដែលមានឈ្មោះថា Fugitivo។
បើយោងតាមសមាជិកគ្រួសារដែលតវ៉ាទាមទារឲ្យអាជ្ញាធរចាត់វិធានការ បានឲ្យដឹងថា តន្ត្រីកររបស់ក្រុមនេះត្រូវបានជួលឲ្យទៅប្រគុំតន្ត្រី ប៉ុន្តែពេលទៅដល់ឃើញកន្លែងនោះគ្មានអ្វីទាំងអស់។ ដោយសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារហេតុផលសន្តិសុខ បងស្រីរបស់អ្នកបាត់ខ្លួនម្នាក់ បាននិយាយថា «យើងបានទទួលការហៅទូរសព្ទជំរិត»។
គួរបញ្ជាក់ថា Tamaulipas ត្រូវបានគេចាត់ទុកថា ជារដ្ឋដ៏គ្រោះថ្នាក់បំផុតមួយរបស់ប្រទេសម៉ិកស៊ិក ដោយសារសមាជិកក្រុមអន្ធពាល ដែលមានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងការជួញដូរជនអន្តោប្រវេសន៍ ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងទៀត ក្នុងនោះរួមទាំងការជំរិតទារប្រាក់ផងដែរ៕
