កូរ៉េខាងជើង បានជួយរុស្ស៊ីបង្កើនការវាយប្រហារដោយមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗរបស់អ៊ុយក្រែន និងបានផ្គត់ផ្គង់គ្រាប់រំសេវជាង ២០.០០០កុងតឺន័រ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី ជាក្រុមដែលមានសមាជិក ១១ប្រទេសរបស់អង្គការសហប្រជាជាតិ (UN) ។
ក្រុមដែលបានចាប់ផ្តើមឡើងនៅក្នុងខែតុលា ឆ្នាំ២០២៤ ដើម្បីតាមដានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើកូរ៉េខាងជើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខមួយ ត្រូវបានលុបចោលដោយរុស្ស៊ី និងចិន ក៏បានឲ្យដឹងផងដែរថា ទីក្រុងមូស្គូបានជួយកូរ៉េខាងជើងអភិវឌ្ឍមីស៊ីល ជាថ្នូរនឹងការផ្គត់ផ្គង់ទិន្នន័យ។

របាយការណ៍របស់ក្រុមនេះបានបន្ថែមថា កាំភ្លើងធំ និងរ៉ូកែតរហូតដល់ ៩លានគ្រាប់ ត្រូវបានដឹកជញ្ជូនពីកូរ៉េខាងជើងទៅរុស្ស៊ី តាមនាវាដឹកទំនិញរុស្ស៊ី ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំង២ ដែលរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ក្រុមនេះបានលើកឡើងនៅក្នុងរបាយការណ៍ដំបូងរបស់ខ្លួនថា៖ «យ៉ាងហោចណាស់ ក្នុងអនាគតដ៏ខ្លីខាងមុខ កូរ៉េខាងជើង និងរុស្ស៊ី មានបំណងបន្ត និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ក្រុមនេះមានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ៨ផ្សេងទៀត ហើយត្រូវបានបង្កើតឡើងបន្ទាប់ពីរុស្ស៊ីបានវេតូការបន្តនៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលអនុវត្តទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងរយៈពេល ១៥ឆ្នាំ៕

