ក្រុមមន្រ្តីអ៊ុយក្រែន និយាយនៅថ្ងៃសុក្រនេះថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនកាលពីយប់កន្លងទៅ មានគោលដៅលើទីក្រុងស្ថិតនៅជិតព្រំដែនប្រទេសរ៉ូម៉ានីដែលជាសមាជិកអង្គការណាតូ ។
ការវាយប្រហារនេះដែរ ត្រូវចំទីក្រុង Izmail ដែលជាទីក្រុងកំពង់ផែធំបំផុតរបស់អ៊ុយក្រែននៅលើដងទន្លេ Danube ដែលសំខាន់សម្រាប់ការនាំចេញ និងស្ថិតនៅតាមតាមទន្លេពីរ៉ូម៉ានី ។

លោក Oleh Kiper ដែលជាអភិបាលតំបន់ Odesa និយាយថា ការិយាល័យប្រៃសណីយ៍មួយកន្លែង ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងការវាយប្រហារដោយយានដ្រូននេះ ប៉ុន្តែគ្មានគ្រោះថ្នាក់នោះទេ ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែននៅតំបន់ Odesa បានចេញវីដេអូឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងនៅកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា ភាគីជម្លោះទាំង ២ តែងតែច្រានចោលរាល់ការវាយប្រហារលើគោលដៅស៊ីវិលនៅក្នុងសង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមជាមួយនឹងការវាយលុកពេញបន្ទុករបស់ពួកគេលើអ៊ុយក្រែន កាលពីរយៈពេលជាង ៣ឆ្នាំមុន ៕

