កីឡាករប្រណាំងកង់អាល្លឺម៉ង់ Nico Denz បានប្រជែងឈ្នះដំណាក់កាលទី ១៨ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia ខណៈកីឡាករម៉ិកស៊ិក Isaac del Toro នៅតែបន្តកាន់កាប់តារាងថេរវេលារួម។
ដំណាក់កាលទី ១៨ ដែលមានចំងាយផ្លូវ ១៤៤ គីឡូម៉ែត្រ Nico Denz ដែលជិះឱ្យក្រុម Red Bull-Bora-Hansgrohe គឺជាកីឡាករម្នាក់ក្នុងចំណោម ១១ នាក់ដែលនាំមុខដាច់រួមគ្នា មុនពេលបន្ថែមល្បឿននាំមុខដាច់តែឯងនៅចំនុច ១១ គីឡូម៉ែត្រចុងក្រោយ និងមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ ម៉ោង ១២ នាទី ៧ វិនាទី។
កីឡាករម្ចាស់ផ្ទះអ៊ីតាលី Mirco Maestri ទទួលបានចំណាត់ថ្នាក់លេខពីរក្រោយមកដល់ទីព្រ័ត្រយឺតជាងអ្នកនាំមុខ ១ នាទី ១ វិនាទី និងលេខបី កីឡាករប៊ែលហ្ស៊ិក Edward Planckaert ស្ថិតក្នុងថេរវេលាដូចគ្នា។
ងាកមកតារាងវេលារួមវិញ កីឡាករម៉ិកស៊ិក Isaac del Toro របស់ក្រុម UAE Team Emirate នៅតែបន្តនាំមុខ ៤១ វិនាទីដដែលពីអ្នកលេខពីរកីឡាករកូឡុំប៊ី Richard Carapaz ខណៈលេខបីនៅតែជាកីឡាករអង់គ្លេស Simon Yates យឺតជាង ៥១ វិនាទី។
សម្រាប់ដំណាក់កាលទី ១៩ ថ្ងៃនេះមានចំងាយផ្លូវ ១៦៦ គីឡូម៉ែត្រ ឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំ ខណៈការប្រកួតនឹងបញ្ចប់ទាំងស្រុងនៅដំណាក់កាលទី ២១ ដែលបញ្ចប់នៅរដ្ឋធានីរ៉ូម៕
អត្ថបទ៖នាង សុភាវុធ