របាយការណ៍ចេញដោយក្រុមអ្នកវិទ្យាសាស្រ្តនៅថ្ងៃសុក្រនេះ បានព្រមានថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស បណ្តាលឲ្យកើតមានរលកកម្តៅជាមធ្យមរយៈពេល ៣០ថ្ងៃបន្ថែមទៀតសម្រាប់មនុស្សពាក់កណ្តាលនៃពលរដ្ឋសរុបនៅលើពិភពលោកកាលពីឆ្នាំកន្លងទៅ ។

ចេញផ្សាយនៅមុនទិវាវិធានការកម្តៅដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទទី ២ ខែមិថុនាខាងមុខនេះ របាយការណ៍ខាងលើ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នឹងធ្វើឲ្យរលកកម្តៅកើតមានឡើងញឹកញាប់ជាងមុន ហើយវាគឺជាការគំរាមកំហែងមួយដល់បណ្តាប្រទេសជាច្រើន ។
ការរកឃើញរបស់របាយការណ៍នេះបង្ហាញថា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យចំនួនថ្ងៃរលកកម្តៅកើនឡើងទ្វេដងនៅតាមបណ្តាប្រទេសចំនួន ១៩៥ ធៀបនឹងពិភពលោកដែលគ្មានបម្រែបម្រួលអាកាសធាតុ ។
របាយកាណ៍នេះ បានណែនាំយុទ្ធសាស្រ្តត្រៀមខ្លួនសម្រាប់រលកកម្តៅ រួមទាំងការធ្វើឲ្យល្អប្រសើរឡើងនូវសេចក្តីរាយការណ៍ និងតាមដានផលប៉ះពាល់ដោយសារកម្តៅ ក៏ដូចជាអនុវត្តផែនការវិធានការរលកកម្តៅ ដែលកាលពីមុនបង្ហាញថាមានប្រសិទ្ធិភាពខ្ពស់ ៕
