អតីតប្រធានាធិបតីកុងហ្គោលោក Joseph Kabila បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅដែនដីគ្រប់គ្រងដោយក្រុមឧទ្ទាម ស្ថិតនៅតំបន់ភាគខាងកើតប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ដោយជួបជាមួយក្រុមមេដឹកនាំសាសនានៅក្នុងដំណើរមួយដែលអ្នកចូលរួមនិយាយថា គឺជាការជំរុញឲ្យមានសន្តិភាព ។
លោក Kabila ដែលបានចាកចេញពីប្រទេសកុងហ្គោចាប់តាំងពីឆ្នាំ ២០២៣ ហើយនិងស្នាក់នៅភាគច្រើនក្នុងប្រទេសអាហ្វ្រិកខាងត្បូងនោះ គឺជាមនុស្សចង់បាននៅក្នុងប្រទេសកុងហ្គោ សម្រាប់ឧក្រិដ្ឋកម្មចោទប្រកាន់ប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការគាំទ្រក្រុមបះបោរនៅតំបន់ភាគខាងកើតប្រទេស ព្រមទាំងការរួមចំណែកក្នុងការសម្លាប់រង្គាលលើជនស៊ីវិល ។
រដ្ឋាភិបាលកុងហ្គោ បានចាត់វិធានការផ្អាកគណបក្សនយោបាយរបស់លោក និងបានរឹបអូសយកទ្រព្យសកម្មក្រុមមេដឹកនាំរបស់ពួកគេផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីខាងអតីតប្រធានាធិបតីរូបនេះ បានច្រានចោលរាល់ទំនាក់ទំនងណាមួយជាមួយក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា ដែលបានរឹបអូសដែនដីយ៉ាងច្រើនពុំធ្លាប់មាន ចាប់តាំងពីខែមករារហូតមក ។

លោក Kabila បានសន្យាវិលត្រឡប់មកកាន់ប្រទេសនៅអាហ្វ្រិកកណ្តាលនេះវិញសម្រាប់រយៈពេលច្រើនសប្តាហ៍ ដើម្បីជួយស្វែងរកដំណោះស្រាយជម្លោះ ។
ការវិលត្រឡប់មកវិញរបស់លោកនេះដែរ អាចធ្វើឲ្យកាន់តែស្មុគស្មាញដល់ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចព្រមព្រៀងរវាងកុងហ្គោ និងរ៉្វាន់ដា ។
លោក Massad Boulos គឺជាទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោកប្រធានាធិបតី Donald Trumpប្រចាំអាហ្វ្រិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅដើមខែនេះថា កិច្ចព្រមព្រៀងអាចនឹងចុះហត្ថលេខានៅក្នុងរដូវក្តៅនេះ អមជាមួយកិច្ចព្រមព្រៀងរ៉ែមានគោលបំណងនាំប្រាក់រាប់ពាន់លានដុល្លារនៃការវិនិយោគរបស់លោកខាងលិចមកកាន់តំបន់មួយនេះ ៕
