ក្រុមអាជ្ញាធរអាហ្សង់ទីន និងឈីលី និយាយថា ក្នុងសប្តាហ៍នេះ ក្រុមនគរបាលបានចាប់ខ្លួនជនសង្ស័យ ៤១នាក់ សម្រាប់ឧក្រិដ្ឋកម្មជាប់ពាក់ព័ន្ធនឹងក្រុមជនអន្ធពាល Tren de Aragua ។
រដ្ឋមន្រ្តីក្រសួងសន្តិសុខអាហ្សង់ទីនលោកស្រី Patricia Bullrich និយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ១២នាក់ ត្រូវបានចាប់ខ្លួនសម្រាប់ការប្រព្រឹត្តឧក្រិដ្ឋកម្មជាប់ពាក់ព័ន្ធនឹងក្រុមជនអន្ធពាល Tren de Aragua គឺជាក្រុមមួយដែលប្រទេសរបស់លោកស្រី ចាត់ថ្នាក់ថាជាអង្គការភេរវកម្ម ។

លោកស្រី Bullrich បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Buenos Aires ថា វាគឺជាក្រុមជនអន្ធពាលដ៏គ្រោះថ្នាក់ខ្លាំង ហើយនៅថ្ងៃនេះ សមាជិក ១២នាក់របស់ពួកគេ បានជាប់ពន្ធនាគារ ។
លោកស្រី Bullrich និយាយផងដែរថា ក្រុមមួយនេះ បានបើកការវាយប្រហារលើផ្សារទំនើប ហាងលក់សាច់ ហាងលក់គ្រឿងសំណង់ ដោយប្រើប្រាស់អាវុធ និងគ្រឿងផ្ទុះ ហើយនិងបណ្តាលឲ្យស្លាប់មនុស្សទៀតផង ។
ខណៈពេលនោះដែរ នៅប្រទេសឈីលី ក្រុមនគរបាលចាប់ខ្លួនបានជនសង្ស័យ ២៩នាក់ មានការជាប់ពាក់ព័ន្ធនឹងក្រុមជនអន្ធពាល Tren de Aragua អំឡុងការវាយឆ្មក់ជាច្រើនលើកកាលពីថ្ងៃពុធ នៅទីក្រុង La Araucania ស្ថិតនៅភាគកណ្តាលប្រទេសឈីលី ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរឈីលី បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងមូលរបស់អង្គការមួយនេះ រួមទាំងមេដឹកនាំរបស់ពួកគេដែរនោះ ត្រូវបានចាប់ខ្លួន អំឡុងប្រតិបត្តិការវាយឆ្មក់កាលពីថ្ងៃពុធ ៕
