ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២០ ខែធ្នូនេះ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩។
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩ ដែលមានសម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការគ្រប់ព្រះអង្គ ក្រសួងធម្មការនិងសាសន បានយាងនិមន្តចូលរួម បន្ទាប់ពីមានការខកខានមិនបានប្រារព្ធអស់រយៈពេលជាងមួយឆ្នាំកន្លងទៅ។
សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍរបស់សង្គមជាតិនៅគ្រប់កាលៈទេសៈ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ស្របទៅនឹងការរីកចម្រើន ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលប៉ះពាល់ដោយបច្ចេកវិទ្យាទំនើប បណ្តាញសង្គម ដែលចាំបាច់អ្នកពាក់ព័ន្ធទំាងអស់ត្រូវយល់ឱ្យច្បាស់ ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍នៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាមួយនេះ។
ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា បច្ចេកវិទ្យាក៏ជាផ្នែកដែលផ្តល់អត្ថប្រយោជន៍ដល់វិស័យសាសនា និងសង្គមជាតិ។
ក្នុងសុន្ទរកថា បើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសឆ្នាំនេះ សម្តេចប្រធានរដ្ឋសភា បានសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ត្រូវរួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគរូ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ថែរក្សាព្រះពុទ្ធសាសនាឱ្យបានរីកចម្រើន ដោយហេតុថា ព្រះពុទ្ធសាសនារីកចម្រើន ឬចុះអន់ថយ គឺអាស្រ័យលើពុទ្ធបរិស័ទទាំងអស់គ្នា។
អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏សំខាន់មួយ ដើម្បីផ្តល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្នភាព ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់ ខណៈដោយសារការរាតត្បាតជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ពុំបានរៀបចំកម្មវិធីសន្និបាតនោះឡើយ៕ អត្ថបទ៖ សេក ឧត្តម






