ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានលើកឡើងថា អ៊ីស្រាអែលកំពុងរាំងខ្ទប់ជំនួយមនុស្សធម៌ស្ទើរតែគ្រប់យ៉ាងមិនឲ្យចូលទៅកាន់តំបន់ហ្កាហ្សា ដោយសឹងតែគ្មានអាហារឆ្អិនស្រាប់ចូលទៅកាន់ទីកន្លែងដែលអ្នកនាំពាក្យបានពិពណ៌នាថា ជា «ដែនដីមានភាពស្រេកឃ្លានបំផុត នៅលើផែនដី»។
អ្នកនាំពាក្យ លោក Jens Laerke បាននិយាយថា មានតែរថយន្តជំនួយចំនួន ៦០០គ្រឿងប៉ុណ្ណោះ ក្នុងចំណោម ៩០០គ្រឿងដែលត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ព្រំដែនរបស់អ៊ីស្រាអែលជាមួយតំបន់ហ្កាហ្សា ហើយពីទីនោះ ភាពច្របូកច្របល់ដោយសារឧបសគ្គការិយាធិបតេយ្យ និងសន្តិសុខ បានធ្វើឲ្យវាស្ទើរតែមិនអាចទៅរួចនោះឡើយ ក្នុងការដឹកជំនួយចូលក្នុងតំបន់នេះដោយសុវត្ថិភាព។

អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃសុក្រ (ទី៣០ ខែឧសភា) នេះ លោក Laerke បានប្រាប់ថា៖ «អ្វីដែលយើងអាចនាំចូលទៅបាន គឺម្សៅ។ វាមិនទាន់ចម្អិនហើយរួចរាល់ សម្រាប់បរិភាគនោះទេ មែនទេ? វាត្រូវការការចម្អិន។ ប្រជាជន ១០០ភាគរយ នៅតំបន់ហ្កាហ្សា ប្រឈមនឹងគ្រោះទុរ្ភិក្ស»។
លោក Tommaso della Longa អ្នកនាំពាក្យរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានបន្ថែមថា ពាក់កណ្តាលនៃសម្ភារៈបរិក្ខារពេទ្យរបស់ខ្លួន នៅក្នុងដែនដីនេះ គឺលែងដំណើរការ ដោយសារកង្វះប្រេងឥន្ធនៈ ឬឧបករណ៍វេជ្ជសាស្ត្រ៕

