ទូរទស្សន៍ Kompas TV បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៨នាក់ នៅខេត្ត West Java (ជ្វាខាងលិច) របស់ឥណ្ឌូនេស៊ី បានបាត់បង់ជីវិត និងប្រមាណជា ១០នាក់ បានបាត់ខ្លួន នៅថ្ងៃសុក្រ (ទី៣០ ខែឧសភា) នេះ បន្ទាប់ពីមានហេតុការណ៍បាក់ផ្ទាំងថ្ម នៅឯការដ្ឋានយកថ្មមួយកន្លែង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ការបាក់ផ្ទាំងថ្មនោះ បានកើតឡើងនៅតំបន់ Cirebon ក្នុងខេត្ត West Java ដោយបន្ថែមថា គ្រោះថ្នាក់ស្រដៀងគ្នានេះបានកើតឡើងកាលពីមុននៅការដ្ឋានយកថ្ម។
រូបភាពវីដេអូពីទូរទស្សន៍បានបង្ហាញឲ្យឃើញអេស្កាវ៉ាទ័រ កំពុងជីកកាយថ្មធំៗ នៅក្នុងតំបន់នោះ ហើយបុគ្គលិកដែលនៅលើដី លើកថង់ដាក់សពទៅរថយន្តសង្គ្រោះ។
នៅលើគណនីបណ្ដាញសង្គម Instagram របស់លោក អភិបាលខេត្ត West Java លោក Dedi Mulyadi បានលើកឡើងថា ទីតាំងនេះមានគ្រោះថ្នាក់ណាស់ ហើយ «មិនបំពេញតាមស្តង់ដារសុវត្ថិភាព សម្រាប់កម្មករឡើយ»៕