អ្នករាជានិយមនេប៉ាល់រាប់ពាន់នាក់ បានដើរដង្ហែតវ៉ាក្នុងរដ្ឋធានី Kathmandu នាថ្ងៃសុក្រ (៣០ ឧសភា) នេះ ដោយទាមទារឲ្យស្ដាររបបរាជាធិបតេយ្យឡើងវិញ និងស្រែកពាក្យស្លោកគាំទ្រព្រះមហាក្សត្រដែលត្រូវបានផ្ដួលរំលំ កាលពី ១៧ឆ្នាំមុន។
គួររំលឹកថា ប្រទេសដែលមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើនមួយនេះ បានក្លាយជាសាធារណរដ្ឋមិនប្រកាន់សាសនា នៅក្នុងឆ្នាំ២០០៨ បន្ទាប់ពីសភាបានលុបចោលរបបរាជានិយម ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដែលបានបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ១ទសវត្សរ៍ ជាជម្លោះដែលមនុស្សជាង ១៦.០០០នាក់ត្រូវបានសម្លាប់។
ការតវ៉ានេះ គឺជាព្រឹត្តិការណ៍ថ្មីចុងក្រោយបង្អស់នៃការប្រមូលផ្តុំគ្នាជាបន្តបន្ទាប់ ខណៈដែលការគាំទ្រឲ្យស្តារឡើងវិញនូវរបបរាជានិយម និងរដ្ឋហិណ្ឌូមួយ បានកើនឡើង ចំពេលមានការមិនពេញចិត្ត ចំពោះអស្ថិរភាពនយោបាយ អំពើពុករលួយ និងល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចយឺត។
អមដោយការវាយស្គរ ផ្លុំស្នែង និងគ្រវីទង់ជាតិរបស់ប្រទេសនេប៉ាល់ អ្នកដើរដង្ហែរតវ៉ាស្រែកយ៉ាងស្រុះគ្នាថា៖ «សូមព្រះមហាក្សត្រ យាងមកសង្គ្រោះប្រទេស»។ លោក Prem Bahadur Magar វ័យ ៥៨ឆ្នាំ បានប្រាប់ថា៖ «ខ្ញុំនៅទីនេះដើម្បីប្រយុទ្ធប្រឆាំងនឹងប្រព័ន្ធពុករលួយ។ យើងត្រូវការរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រទេសហិណ្ឌូ ដើម្បីរក្សាអត្តសញ្ញាណជាតិរបស់យើង»។
លោក Magar បានធ្វើដំណើរទៅ Kathmandu ដើម្បីចូលររួមការប្រមូលផ្តុំនេះ ពីផ្ទះរបស់លោកដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ។ នគរបាលកុប្បកម្មបានឈរយាម និងតាមមើលការជួបជុំតវ៉ានេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីការមានអំពើហិង្សាណាមួយនៅឡើយទេ៕