អ៊ីស្រាអែល បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថាបានធ្វើ «យុទ្ធនាការប្រឆាំងរដ្ឋជ្វីហ្វ» កាលពីថ្ងៃសុក្រ ទី៣០ ឧសភា បន្ទាប់ពីលោកបានអំពាវនាវឱ្យបណ្តាប្រទេសអ៊ឺរ៉ុប ពង្រឹងជំហររបស់ខ្លួនលើអ៊ីស្រាអែល ប្រសិនបើស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាពុំមានភាពប្រសើរឡើង។ ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយការពារកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយថា «គ្មានការរារាំងជំនួយមនុស្សធម៌ទេ»។ «ប៉ុន្តែជំនួសឱ្យការដាក់សម្ពាធលើក្រុមភេរវករជីហាដ លោក Macron មានបំណងផ្តល់រង្វាន់ដល់ពួកគេជាមួយនឹងរដ្ឋប៉ាឡេស្ទីន។

អ៊ីស្រាអែល កាលពីសប្តាហ៍មុនបានដកចេញផ្នែកមួយចំនួននៃការបិទផ្លូវរយៈពេលជាងពីរខែលើការផ្គត់ផ្គង់ជំនួយចូលទៅតំបន់ហ្កាហ្សា ដែលកំពុងស៊ូទ្រាំទៅនឹងកង្វះស្បៀងអាហារ និងថ្នាំពេទ្យធ្ងន់ធ្ងរ ទោះបីជារថយន្តដឹកជំនួយមនុស្សធម៌មួយចំនួន បានចាប់ផ្តើមចូលទៅក៏ដោយ។ ទន្ទឹមនឹងនេះ លោក Macron បានជំរុញនៅក្នុងសេចក្តីថ្លែងការណ៍គាំទ្រដល់ប៉ាឡេស្ទីន។ កាលពីថ្ងៃសុក្រ លោកបាននិយាយថា បណ្តាប្រទេសអ៊ឺរ៉ុប គួរតែ «ពង្រឹងជំហររួម» ប្រឆាំងអ៊ីស្រាអែល ប្រសិនបើប្រទេសនេះមិនបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះស្ថានភាពមនុស្សធម៌នៅហ្កាហ្សា រួមទាំងការរក្សាការបើកចំហលទ្ធភាពនៃការដាក់ទណ្ឌកម្ម។ លោកMacron បានចាត់ទុកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយលក្ខខណ្ឌមួយចំនួនថា «មិនត្រឹមតែកាតព្វកិច្ចគុណធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់ផ្នែកនយោបាយ»។ ប្រទេសបារាំង កំពុងធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នូវសន្និសីទអន្តរជាតិមួយនៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សំដៅធ្វើឱ្យមានឡើងវិញនូវគំនិតនៃដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាលទ្ធផលមួយដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជំទាស់។
