ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការអំពាវនាវទៅបណ្តាម្ចាស់អាជីវកម្មទេសចរណ៍មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ផ្ទះស្នាក់ និងបណ្តាអាហារដ្ឋាន ភោជនីយដ្ឋាននានា សូមកុំធ្វើការដំឡើងថ្លៃសេវា ហើយបើអាចសូមធ្វើការបញ្ចុះតម្លៃសេវា ដើម្បីជួយដល់បណ្តាសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលនឹងអញ្ជើញទៅទទួលសេវាកម្ម នៅក្នុងឱកាសថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុកតិយភូមិ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
បើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់នៅថ្ងៃទី២០ខែធ្នូនេះថា នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ នៅទូទាំងប្រទេស នឹងមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើន ផ្លាស់ទីស្វែងរកសេវាបន្ទប់ស្នាក់ នៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ និងស្វែងរកសេវាម្ហូបអាហារនានាដែលនៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ឯកឧត្តម តុប សុភ័ក ក្នុងនាមក្រសួងទេសចរណ៍បានស្នើសូមម្ចាស់អាជីវកម្មទេសចរណ៍នានានោះ ធ្វើបន្តរក្សាប្រពៃណីល្អការចេះជួយគ្នា កុំឡើងថ្លៃសេវារបស់ខ្លួន ហើយបើអាចសូមធ្វើការបញ្ចុះតម្លៃសេវារបស់ខ្លួន ដើម្បីជម្រុញលើកកម្ពស់ ការប្រឡងកម្រិតថ្នាក់ជាតិ មានដំណើរការល្អប្រសើរ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំកន្លងមក មានអាជីកម្មសណ្ឋាគារ ផ្ទះសំណាកនិងភោជនីយដ្ឋានមួយចំនួនធំបានសហការល្អ មិនឆ្លៀតឱកាស តំឡើងតំលៃសេវា ហើយបានបញ្ចុះតម្លៃសម្រាប់ជូនសិស្សប្រឡង និងលោកគ្រូអ្នកគ្រូនានាផងដែរ។
នៅក្នុងសន្និសិទសារព័ត៌មានស្តីការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២០ខែធ្នូនេះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាក៏បានថ្លែងអំពាវនាវទៅដល់បណ្តាសប្បុរសជន និងម្ចាស់អាជីកម្មបន្ទប់ស្នាក់ និងកន្លែងលក់ម្ហូបអាហារជាដើម សូមបង្កលក្ខណៈងាយស្រួល និងបង្កស្មារតីជួយគ្នាទៅវិញទៅមកដល់បណ្តាសិស្សានុសិស្សនិង លោកគ្រូអ្នកគ្រូយើង ដែលចូលរួមប្រឡង ខណៈដែលពួកយើងទាំងអស់គ្នាកំពុងជួបបញ្ហាវិបត្តិកូវីដ១៩នេះ។
សូមបញ្ជាក់ តាមសារាចរស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍នៅមុនថ្ងៃឆ្លងឆ្នាំសកល២០២១ ក្រសួងទេសចរណ៍បានណែនាំបណ្តាមូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវរក្សាតម្លៃផលិតផលនិងសេវាអោយបានសមរម្យ ហើយរាល់តម្លៃ ស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗទៀត ត្រូវសរសេរអោយបានច្បាស់នៅក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវដឹងជាមុន ចៀសវាងការកំណត់តម្លៃខ្ពស់ហួសហេតុ។
សម្រាប់បញ្ហានេះ បើតាម អ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បានថ្លែងដែរថា គ្រប់ភ្ញៀវអាចប្តឹងម្ចាស់អាជីវកម្មទេសចរណ៍បាន ករណី អាជីវកម្មនោះ ដំឡើងថ្លៃសេវា ខុសពីអ្វីដែលបានកំណត់ក្នុងតារាងតម្លៃ និងខុសពីអ្វីដែលភាគីបានព្រមព្រៀងគ្នាជាមុន៕
អត្ថបទ ស៊ុម សុខជា


