ក្រសួងការបរទេសអាមេរិក បានបង្គាប់ឱ្យបេសកកម្មកុងស៊ុលរបស់ខ្លួនទាំងអស់នៅក្រៅប្រទេស ចាប់ផ្តើមពិនិត្យបន្ថែមលើអ្នកដាក់ស្នើពាក្យសុំទិដ្ឋាការដែលមានបំណងធ្វើដំណើរទៅសាកលវិទ្យាល័យ Harvard សម្រាប់គោលបំណងណាមួយ ក្នុងចំណាត់ការពង្រីកយ៉ាងខ្លាំងជុំវិញការបង្ក្រាបរបស់លោកប្រធានាធិបតី Donald Trump ប្រឆាំងគ្រឹះស្ថានសិក្សា។

នៅក្នុងសារផ្ទៃក្នុងចុះថ្ងៃទី៣០ ខែឧសភា ហើយបានផ្ញើទៅកាន់ប៉ុស្តិ៍ការទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិកទាំងអស់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានណែនាំឱ្យចាប់ផ្តើមជាបន្ទាន់នូវ «ការពិនិត្យបន្ថែមលើអ្នកដាក់ពាក្យស្នើសុំទិដ្ឋាការពុំមែនអន្តោប្រវេសន៍ ដែលស្វែងរកការធ្វើដំណើរទៅសាកលវិទ្យាល័យ Harvard សម្រាប់គោលបំណងណាមួយ»។
សាកលវិទ្យាល័យ Harvard មិនបានរក្សា «បរិយាកាសក្នុងបរិវេណសាលាពីអំពើហិង្សា និងការប្រឆាំងជ្វីហ្វនិយម»នោះទេ ហើយវិធានការត្រួតពិនិត្យដែលត្រូវបានពង្រឹងមានគោលបំណងជួយមន្រ្តីកុងស៊ុលកំណត់អត្តសញ្ញាណអ្នកដាក់ពាក្យស្នើសុំទិដ្ឋាការដែលមាន«ប្រវត្តិនៃការយាយីប្រឆាំងជ្វីហ្វនិយម និងអំពើហិង្សា»។
ខណៈសហរដ្ឋអាមេរិក បានទាមទារឱ្យមានការត្រួតពិនិត្យបន្ថែមលើអ្នកដាក់ពាក្យស្នើសុំទិដ្ឋាការពីប្រទេសជាក់លាក់ ការអនុវត្តនីតិវិធីបែបនេះប្រឆាំងសាកលវិទ្យាល័យ Harvard ទំនងជាការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនៃដំណើរការទិដ្ឋាការប្រឆាំងសាកលវិទ្យាល័យដែលលែងគាំទ្រដល់រដ្ឋបាលនេះ។
