ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ទី៣០ ឧសភា បាននិយាយថា លោកមានផែនការដំឡើងពន្ធលើការនាំចូលដែកថែបពីបរទេសពី២៥% ដល់៥០% ដោយបង្កើនសម្ពាធលើក្រុមហ៊ុនផលិតដែកសកល និងបានប្តេជ្ញាថានឹងធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរបស់លោកកាន់តែជ្រៅ។
លោកបាននិយាយនៅក្នុងការជួបជុំគ្នាមួយនៅរដ្ឋ Pennsylvania ថា «យើងនឹងដាក់ការដំឡើងពន្ធបន្ថែម២៥%។ យើងនឹងដំឡើងពន្ធពី ២៥% ដល់៥០% នៃពន្ធលើដែកថែបនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលនឹងធានាបន្ថែមទៀតដល់ឧស្សាហកម្មដែកថែបនៅក្នុងសហរដ្ឋអាមេរិក»។

កាលពីខែកុម្ភៈ លោក Trump បានដំឡើងពន្ធលើកដែកថែប និងអាលុយមីញ៉ូម ២៥% «ដោយគ្មានករណីលើកលែង» នៅក្នុងចំណាត់ការដំបូងរបស់លោកដើម្បីជួយដល់ឧស្សាហកម្មដែលកំពុងជួបការលំបាក។ ការដំឡើងពន្ធនឹងអនុវត្តចំពោះការនាំចូលដែកថែប និងអាលុយមីញ៉ូមរាប់លានតោនពីប្រទេស កាណាដា ប្រេស៊ីល ម៉ិកស៊ិក កូរ៉េខាងត្បូង និងប្រទេសផ្សេងៗទៀត ដែលនាំចូលទៅសហរដ្ឋអាមេរិកដោយគ្មានពន្ធ។
លោក Trump បានសាទរចំពោះ «ភាពជាដៃគូ» រវាងក្រុមហ៊ុន Nippon Steel និង US Steel នៅក្នុងកាជួបជុំផ្នែកនយោបាយ ហើយបានបង្ហាញខ្លួនជាសញ្ញាថា លោកគាំទ្រចំណងសម្ព័ន្ធភាពដែលស្វែងរកជាយូរមកហើយរវាងក្រុមហ៊ុនជប៉ុន និងសហរដ្ឋអាមេរិក ដែលលោកធ្លាប់បានប្រឆាំង។
