សារព័ត៌មានរដ្ឋរបស់អ៊ីស្រាអែល Kan TV News បានរាយការណ៍កាលពីយប់ថ្ងៃសុក្រថា អ៊ីស្រាអែលបានសម្រេចចិត្តហាមឃាត់ការចូលរបស់រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអារ៉ាប់ ដែលគ្រោងនឹងទៅបំពេញទស្សនកិច្ច នៅទីក្រុងរ៉ាម៉ាឡា(Ramallah) នៅតំបន់វេសបែង (West Bank) នៅថ្ងៃអាទិត្យ ដើម្បីជួបមួយប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas)។

មន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល ត្រូវបានដកស្រង់សម្តី ដោយបាននិយាយថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសហ្ស៊កដានី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម គឺជា «ទង្វើមិនសមរម្យ» ដែលមានបំណងជំរុញការពិភាក្សាស្តីពីការបង្កើតរដ្ឋប៉ាឡេស្ទីន។
ក្រុមមន្ត្រីទាំងនោះ បានបញ្ជាក់ថា អាជ្ញាធរប៉ាឡេស្ទីន នៅតែបដិសេធមិនថ្កោលទោសការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល។
មន្ត្រីត្រូវបានគេដកស្រង់សម្តីដោយបានិយាយថា៖ «អ៊ីស្រាអែលនឹងមិនសហការជាមួយនឹងវិធានការដែលមានបំណងបំផ្លាញខ្លួននិងសន្តិសុខរបស់ខ្លួននោះទេ»។
