ប្រមុខការទូតរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas និងរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani នៅថ្ងៃសៅរ៍ (ទី៣១ ខែឧសភា) បានជំរុញឲ្យមានការទប់ស្កាត់កាន់តែខ្លាំងប្រឆាំងនឹងការគំរាមកំហែងដល់ស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈពេលដែលចូលរួមក្នុងកិច្ចសន្ទនា Shangri-La ដែលជាវេទិកាសន្តិសុខកំពូលរបស់តំបន់អាស៊ី នៅប្រទេសសិង្ហបុរី។
លោកស្រី Kallas ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹង«សណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់»ខណៈដែលជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅតែបន្ត បាននិយាយថា៖«នៅពេលណាដែលអាចមានអ្វីមកជំនួសសិទ្ធិនានាបាន ប្រសិនបើព្រំដែន គ្មានសុវត្ថិភាពបែបនេះ»។

លោកNakatani បានចង្អុលទៅការកើនឡើងនៃភាពតានតឹង និង «ការជំរុញផ្នែកយោធាយ៉ាងឆាប់រហ័ស» នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាការគំរាមកំហែងយ៉ាងសំខាន់ដល់ទំនុកចិត្ត រវាងបណ្តាប្រទេសនៅក្នុង តំបន់។
ការចំណាយលើសព្វាវុធ និងការស្រាវជ្រាវ កំពុងកើនឡើងក្នុងចំណោមប្រទេសអាស៊ីមួយចំនួន ខណៈដែលពួកគេឆ្លើយតបទៅនឹងទស្សនវិស័យសន្តិសុខដ៏ស្មុកស្មាញ ដោយការពង្រីកភាពជាដៃគូឧស្សាហកម្មខាងក្រៅរបស់ពួកគេ ខណៈពេលដែលព្យាយាមជំរុញឧស្សាហកម្មការពារជាតិរបស់ពួកគេ។ នេះបើយោងតាមការសិក្សាថ្មីមួយរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស ជាអង្គការដែលកំពុងរៀបចំកិច្ចសន្ទនា Shangri-La នេះ។
កិច្ចប្រជុំកំពូលដែលទាក់ទាញមន្ត្រីការពារជាតិកំពូលៗ មន្ត្រីយោធាជាន់ខ្ពស់ អ្នកការទូត ក្រុមហ៊ុន ផលិតសព្វាវុធ និងអ្នកវិភាគសន្តិសុខមកពីជុំវិញពិភពលោក កំពុងប្រព្រឹត្តទៅពីថ្ងៃសុក្រ (ទី៣០ ខែឧសភា) ដល់ថ្ងៃអាទិត្យ (ទី០១ ខែមិថុនា) នៅក្នុងប្រទេសសិង្ហបុរី។
