រុស្សីបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនជាង ១.៤០០គ្រឿង កាលពីសប្តាហ៍មុន ខណៈដែលអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលទើបនឹងផលិតថ្មីរបស់ខ្លួន ដើម្បីវាយប្រហារលើយានដ្រូនរបស់រុស្ស៊ី។ នេះបើយោងតាមព័ត៌មានបច្ចុប្បន្នភាពស្តីពីជម្លោះរវាងប្រទេសទាំងពីរ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទៅលើរោងចក្រឧស្សាហកម្មសម្រាប់ការពារជាតិ អាកាសយានដ្ឋានយោធា និងកន្លែងផ្ទុកអាវុធ និងគ្រាប់រំសេវនៅក្នុងប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន។

ក្រសួងបានអះអាងថា កងកម្លាំងរុស្ស៊ីបានវាយបកការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែន ខណៈពេលដែលបើកការវាយលុកទៅលើតំបន់ Sumy, Kharkiv និង Donetsk ដោយបន្ថែមថា កងកម្លាំងអាកាសរុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ុយក្រែនចំនួន ១.៤៣៩គ្រឿង។
ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងកន្លែងតាំងទីលំនៅចំនួន ១៣កន្លែង នៅក្នុងតំបន់ Sumy, Kharkiv និង Donetsk។
ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសុក្រថា ដើម្បីទប់ទល់នឹងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើទីក្រុង Odessa កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័ត ដែលត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីដៃគូបរទេស ដើម្បីបាញ់ទម្លាក់យានដ្រូនថ្មីបំផុត របស់រុស្ស៊ី។
