នគរបាលនៅរដ្ឋ Tabasco ភាគអាគ្នេយ៍នៃប្រទេសម៉ិកស៊ិក បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងការប៉ុនប៉ងបំបែកក្រុមបាតុករ ដែលបិទផ្លូវហាយវេ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) ដោយធ្វើបាតុកម្មប្រឆាំងនឹងការខកខានមិនបានផ្គត់ផ្គង់អគ្គិសនី និងទឹកបរិភោករបស់ពួកគេ។
ប្រដាប់ដោយកាំបិត មែកឈើ និងសំបកកង់រថយន្ត អ្នកស្រុកនៃសហគមន៍ជនជាតិដើមភាគតិច Chontal នៃទីក្រុង Tamulte de las Sabanas បានកាន់កាប់ផ្លូវហាយវេ ដែលជាផ្លូវដ៏សំខាន់ដែលតភ្ជាប់រដ្ឋធានីរដ្ឋ Villahermosa ជាមួយរដ្ឋជិតខាង។

មេដឹកនាំបាតុកម្មលោក Amador Salvador បាននិយាយថា៖«យើងមិនសប្បាយចិត្តនឹងរដ្ឋាភិបាលដែលអសមត្ថភាព និងគណៈកម្មការអគ្គិសនីសហព័ន្ធ»។
បន្ថែមពីលើការស្ដារឡើងវិញនូវសេវាកម្ម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ក្រុមអ្នកតវ៉ាកំពុងទាមទារឲ្យមានការបង្កើតស្ថានីយអគ្គិសនី ដែលពួកគេបាននិយាយថា ត្រូវបានសន្យាជាមួយពួកគេ ដោយអតីតប្រធានាធិបតី Andres Manuel Lopez Obrador។
