ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះអញ្ជើញភារធារីអូទ្រីស នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្រ ដើម្បីតវ៉ានឹងការអះអាង «ដែលនាំឲ្យមានការយល់ច្រឡំ និងគ្មានមូលដ្ឋាន» នៅក្នុងរបាយការណ៍ចារកម្មអូទ្រីស អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ប្រមុខការទូតអ៊ីរ៉ង់លោក Alireza Molaqadimi បានជួបជាមួយលោក Michaela Pacher ដើម្បីបង្ហាញការជំទាស់របស់អ៊ីរ៉ង់ចំពោះរបាយការណ៍ដែលចេញដោយនាយកដ្ឋានការពាររដ្ឋ និងស៊ើបការណ៍របស់ប្រទេសអូទ្រីស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។
របាយការណ៍របស់អូទ្រីសដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានចោទប្រកាន់ថា អ៊ីរ៉ង់កំពុងបន្តកម្មវិធីអាវុធនុយក្លេអ៊ែរយ៉ាងសកម្ម ក្នុងគោលបំណងពង្រឹងឥទ្ធិពល ក្នុងតំបន់របស់ខ្លួន និងទប់ស្កាត់ការគំរាមកំហែងពីខាងក្រៅ។
លោក Molaqadimi បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា ពួកគេបាននិយាយផ្ទុយពីការវាយតម្លៃរបស់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) ហើយបានបញ្ជាក់ឡើងវិញថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធ (NPT)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
