កងកម្លាំងអ៊ីស្រាអែល បានចាប់ខ្លួនមនុស្ស ៨០នាក់ នៅទូទាំងតំបន់វេសបែង (West Bank) កាលពីសប្តាហ៍មុន ខណៈដែលភាពតានតឹង នៅតែបន្តកើនឡើងនៅក្នុងទឹកដី ចំពេលមានសង្រ្គាមដែលកំពុងបន្តរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ប្រតិបត្តិការនេះ ក៏នាំទៅដល់ការរឹបអូសអាវុធចំនួន ៧ដើម និងទឹកប្រាក់ជាង ៧លានសេកែល (ប្រហែល ២ លានដុល្លារអាមេរិក) ដែលខ្លួនបានពណ៌នាថាជា «មូលនិធិសម្រាប់សកម្មភាពភេរវកម្ម»។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានទៅទស្សនកិច្ចទីតាំង Sa-Nur ដែលជាអតីតកន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់វេសបែង ដែលគ្រោងនឹងសាងសង់ឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក។
លោកKatz និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich បាននិយាយថា កន្លែងតំាងទីលំនៅ Sa-Nur គឺស្ថិតក្នុងចំណោមទីតាំងចំនួន ២២កន្លែង ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល ជាអ្វីដែលរដ្ឋមន្ត្រីរដ្ឋាភិបាលបានពិពណ៌នាថា ជាការពង្រីកដ៏ធំបំផុតនៃកន្លែងតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅតំបន់វេសបែង ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ទីតាំងជាច្រើន មានរួចហើយថា ជាកន្លែងគ្មានការអនុញ្ញាត ហើយឥឡូវនេះ នឹងត្រូវបានផ្តល់ឋានៈស្របច្បាប់ នៅក្រោមច្បាប់របស់អ៊ីស្រាអែល ខណៈដែលកន្លែងផ្សេងទៀត គឺថ្មីតែម្តង។
