អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានថ្កោលទោស «បុគ្គលប្រដាប់អាវុធ» ជុំវិញការវាយឆ្មក់ឃ្លាំងស្តុកទំនិញ នៅក្នុងតំបន់ហ្កាហ្សានៃទឹកដីប៉ាឡេស្ទីននៃ និងការលួចយកសម្ភារពេទ្យមួយចំនួនធំ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនី ញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយថា ក្រុមនេះ «បានសម្រុកចូលឃ្លាំងនៅមន្ទីរពេទ្យបណ្តោះអាសន្នមួយ ក្នុងទីក្រុង Deir Al-Balah ដោយបានលួចបរិក្ខារពេទ្យ សម្ភារៈផ្គត់ផ្គង់ ឱសថ អាហារបំប៉ន ដែលមានបំណងផ្តល់ដល់កុមារដែលខ្វះអាហារូបត្ថម្ភ»។

លោកបាននិយាយថា ជំនួយដែលត្រូវបានលួច ត្រូវបាននាំយកចូលទៅក្នុងតំបន់ហ្កាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាម កាលពីថ្ងៃព្រហស្បតិ៍។
លោកបានបន្តថា៖ «ដោយសារស្ថានភាពនៅមូលដ្ឋាន កាន់តែយ៉ាប់យ៉ឺន ហើយសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ត្រូវដួលរលំ ហេតុការណ៍ចោរកម្មដែលនៅតែបន្ត ត្រូវបានគេរាយការណ៍»។
ប៉ុន្តែលោក Dujarric បានគូសបញ្ជាក់ពីភាពខុសគ្នារវាងព្រឹត្តិការណ៍កាលពីថ្ងៃសុក្រ និងការលួចប្លន់កាលពីពីរថ្ងៃមុន នៅឃ្លាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដោយប្រជាជនប៉ាឡេស្ទីន «ដែលកំពុងស្រេកឃ្លាន»អស់សង្ឃឹមចំពោះការទទួលបានជំនួយ។
