ភ្នំពេញ៖ ឯកឧត្តម សូនី រង្សពិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធ៌ម និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ។
នេះគឺជាការបញ្ជាក់របស់ឯកឧត្តម សូនី វង្សពិសិដ្ឋ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីនៅក្នុងពិធីខួបគម្រប់មួយឆ្នាំក្នុងការបង្កើតក្រុមហ៊ុនMengo Cultural Media និងការដាក់ដំណើរការApp សារព័ត៌មានស្វាយ ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈម និងកាលានុវត្តភាព ជាច្រើនដល់ប្រពន្ធ័ផ្សព្វផ្សាយសារព័ត៌មាន និងអ្នកសារព័ត៌មាន។
ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ជាទូទៅត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ និងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ប្រព្រឹត្តិទៅរលូន និងជោគជ័យគួរជាទីមោទនៈ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលក្នុងនោះប្រព័ន្ធសារព័ត៌មានក៏បានចូលរួមចំនែកដើរតួនាទីយ៉ាងសំខាន់ផងដែរ។
ឯកឧត្តម សូនី វង្សពិសិដ្ឋបានបន្ថែមទៀតថា ក្នុងអំឡុងផ្ទុះឡើងនូវជំងឺកូវីដ១៩ អ្នកសារព័ត៌មានបានចូលរួមអនុវត្តន៍ការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដោយហ៊ានប្រឈមនឹងហានិភ័យ ប្រថុយគ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួនដែលអាចបណ្តាលពីការឆ្លងជំងឺកូវីដ១៩ ដើម្បីប្រមូលព័ត៌មាននិងចូលរួមផ្សព្វផ្សាយព័ត៌មានស្តីពីស្ថានភាព ការបង្ការ និងការងារប្រយុទ្ធប្រឆាំងជំងឺកាចសាហាវនេះ។
ទន្ទឹមជាមួយគ្នានេះដែរ នៅក្នុងបរិបទកូវីដ១៩ ព័ត៌មានក្លែងក្លាយពាក់ពន្ធ័នឹងជំងឺកូវីដ១៩ និងប្រធានបទផ្សេងៗ ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយដែលបង្ករផលប៉ៈពាល់ជាអវិជ្ជមានដល់សង្គម ហើយក្រសួងព័ត៌មានបានអនុវត្តការងារជាច្រើនដើម្បីប្រឆាំ និងលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនោះ។ ត្រង់ចំណុចនេះហើយ ទើបឯកឧត្តម រដ្ឋលេខាធិការបានលើកទឹកចិត្តដល់ ប្រពន្ធ័សារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់សីលធ៌ម និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈបន្តចូលរួមផ្សាយព័ត៌មានពិត ដើម្បីពង្រឹងទំនុកចិត្តសាធារណៈជនតាមចំពោះប្រពន្ធ័សារព័ត៌មានក្នុងស្រុក។
ឯកឧត្តម សូនី រង្សពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនMengo Cultur Media ដែលបានចូលរួមចំណែក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ដោយបានអភិវឌ្ឍន៍យ៉ាងលឿនតាមរយៈការពង្រឹងសកម្មភាពរបស់ខ្លួន និងបានទទួលអាជ្ញាបណ្ណ័នានា ជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន៕
អត្ថបទ៖ សូដាវណ្ណ